សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានការតក់ស្លុត​ រន្ធត់ចិត្ត​យ៉ាងក្រៃលែង និងចាត់មន្ត្រីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះរមណភាពរបស់ស្ត្រីជាមាតាមួយរូប​ ដោយសារវះកាត់ពេលឆ្លងទន្លេនៅគ្លីនិកឯកជន​វីរីយ៉ា​ នៅខេត្តស្វាយរៀង

ចែករំលែក៖

ភ្នំពេញ : សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ មានការតក់ស្លុត​ រន្ធត់ចិត្ត​យ៉ាងក្រៃលែង និងចាត់មន្ត្រីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះរមណភាពរបស់ស្ត្រីជាមាតាមួយរូប​ ដោយសារវះកាត់ពេលឆ្លងទន្លេនៅគ្លីនិកឯកជន​វីរីយ៉ា​ នៅខេត្តស្វាយរៀង​ …!

សូមបញ្ជាក់ថា : បន្ទាប់ពីទទួលដំណឹងដ៏តក់ស្លុតចំពោះរមណភាពរបស់ស្ត្រីជាមាតាមួយរូប​ ដោយសារវះកាត់ពេលឆ្លងទន្លេនោះ​​ នៅថ្ងៃទី​ ៦​ ខែកក្កដា​ ឆ្នាំ២០២៣នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ​ នៃផែនការសកម្មភាពរួម​ អគ្គលេខាធិការ​ អង្គការសហប្រជាជាតិ​ ដេីម្បីសុខភាពស្ត្រីនិងកុមារ​ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ និងចាត់មន្ត្រីចូលរួមបុណ្យ​ ៧ថ្ងៃ​ អ្នកស្រី​ សេង​ ធួក​ ​អាយុ​ ៤២ឆ្នាំ​ ដែលបានរងគ្រោះដោយ​ពេទ្យគ្លីនិកឯកជនវីរីយ៉ា​ នៅក្រុងស្វាយរៀង​ ខេត្តស្វាយរៀង​ បានធ្វេីការវះកាត់ពេលឆ្លងទន្លេ​ បណ្តាលឱ្យបាត់បង់ជីវិត​ ក្រោយបញ្ជូនដល់មន្ទីរពេទ្យរុស្ស៊ី​ កាលពីថ្ងៃទី​ ២៩​ ខែមិថុនា​ ឆ្នាំ២០២៣កន្លងទៅ។ 

ស្ថិតក្នុងក្តីដ៏សោកសង្រេងនេះ​ លោកស្រី ហួន​ ច័ន្ទបូរ៉ា​ នាយិកានាយកដ្ឋានទំនាក់ទំនង​ កាកបាទក្រហមកម្ពុជា​ បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំ​ពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលអ្នកម្តាយមនុស្សធម៌​ មានក្តីក្តុកក្តួល​ រន្ធត់ចិត្តក្រៃលែង​ ដែលអ្នកស្រី​ សេង​ ធួក​ មិនអាចទ្រាំនឹងការឈឺឆាប់ដោយសារការវះកាត់ពេលឆ្លងទន្លេ​ និងមិនអាចយកឈ្នះចង្កូមមច្ចុរាជបាន។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សូមឧទ្ទិសបួងសួងសូមឱ្យវិញ្ញាណក្ខន្ធសព​ អ្នកស្រី​ សេង​ ធួក​ បានទៅកាន់សុគតិភព​កុំបីឃ្លៀងឃ្លាតឡើយ​។ 

ជាមួយគ្នានេះ​ លោកស្រី ហួន​ ច័ន្ទបូរ៉ា​​ ក៏បានពាំនាំនូវប្រសាសន៍របស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញេីលេីកទឹកចិត្តដល់លោក​ ងួន​ សារិន​ ដែលត្រូវជាស្វាមីរបស់​អ្នកស្រី​ សេង​ ធួក​ ត្រូវមានស្មារតីរឹងប៉ឹង​ ខិតខំតស៊ូជម្នះការលំបាកដេីម្បីជីវិតរស់នៅបន្តទៀត​ ជាពិសេសចិញ្ចឹមកូនៗ​ឱ្យបានសិក្សារៀនសូត្រខ្ពង់ខ្ពស់​ ដេីម្បីអនាគតភ្លឺស្វាង។ 

 

​លោក​ ងួន​ សារិន​ និងក្រុមគ្រួសារ មានក្តីរំភេីបក្តុកក្តួល​ស្រក់ទឹកភ្នែក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ អ្នកម្តាយមនុស្សធម៌​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានយកចិត្តទុកដាក់​ គិតគូរពីសុខទុក្ខ​ លេីកទឹកចិត្ត​ និងជួយសម្រាលការលំបាក​ តាមរយៈការចូលបុណ្យនូវ​ អង្ករ​ ១០០គីឡូក្រាម,​ មី​ ៥កេស,​ ត្រីខ​ ៥០កំប៉ុង,​ ទឹកក្រូច​ ៥កេស​ និងថវិកា​ ១០លានរៀល៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print