ភ្នំពេញ : សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានការតក់ស្លុត រន្ធត់ចិត្តយ៉ាងក្រៃលែង និងចាត់មន្ត្រីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះរមណភាពរបស់ស្ត្រីជាមាតាមួយរូប ដោយសារវះកាត់ពេលឆ្លងទន្លេនៅគ្លីនិកឯកជនវីរីយ៉ា នៅខេត្តស្វាយរៀង …!
សូមបញ្ជាក់ថា : បន្ទាប់ពីទទួលដំណឹងដ៏តក់ស្លុតចំពោះរមណភាពរបស់ស្ត្រីជាមាតាមួយរូប ដោយសារវះកាត់ពេលឆ្លងទន្លេនោះ នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការ អង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រីនិងកុមារ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងចាត់មន្ត្រីចូលរួមបុណ្យ ៧ថ្ងៃ អ្នកស្រី សេង ធួក អាយុ ៤២ឆ្នាំ ដែលបានរងគ្រោះដោយពេទ្យគ្លីនិកឯកជនវីរីយ៉ា នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង បានធ្វេីការវះកាត់ពេលឆ្លងទន្លេ បណ្តាលឱ្យបាត់បង់ជីវិត ក្រោយបញ្ជូនដល់មន្ទីរពេទ្យរុស្ស៊ី កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។
ស្ថិតក្នុងក្តីដ៏សោកសង្រេងនេះ លោកស្រី ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលអ្នកម្តាយមនុស្សធម៌ មានក្តីក្តុកក្តួល រន្ធត់ចិត្តក្រៃលែង ដែលអ្នកស្រី សេង ធួក មិនអាចទ្រាំនឹងការឈឺឆាប់ដោយសារការវះកាត់ពេលឆ្លងទន្លេ និងមិនអាចយកឈ្នះចង្កូមមច្ចុរាជបាន។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឧទ្ទិសបួងសួងសូមឱ្យវិញ្ញាណក្ខន្ធសព អ្នកស្រី សេង ធួក បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ លោកស្រី ហួន ច័ន្ទបូរ៉ា ក៏បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីលេីកទឹកចិត្តដល់លោក ងួន សារិន ដែលត្រូវជាស្វាមីរបស់អ្នកស្រី សេង ធួក ត្រូវមានស្មារតីរឹងប៉ឹង ខិតខំតស៊ូជម្នះការលំបាកដេីម្បីជីវិតរស់នៅបន្តទៀត ជាពិសេសចិញ្ចឹមកូនៗឱ្យបានសិក្សារៀនសូត្រខ្ពង់ខ្ពស់ ដេីម្បីអនាគតភ្លឺស្វាង។
លោក ងួន សារិន និងក្រុមគ្រួសារ មានក្តីរំភេីបក្តុកក្តួលស្រក់ទឹកភ្នែក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ លេីកទឹកចិត្ត និងជួយសម្រាលការលំបាក តាមរយៈការចូលបុណ្យនូវ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង, ទឹកក្រូច ៥កេស និងថវិកា ១០លានរៀល៕
ដោយ : សិលា