ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះបន្ទប់ស្នាក់នៅរបស់បុគ្គលគ្រប់គ្រងរោងចក្រផលិតមី យីហោ (ប្រេស៊ីដេនហ្វូត) ស្ថិតនៅជាប់បណ្ដោយផ្លូវលេខ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ បណ្ដាលឱ្យផ្អើលដល់អាជ្ញាធរមានសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ។
ម្ចាស់បន្ទប់មានឈ្មោះ ភីសេីត កាត់សែម ជនជាតិថៃ អាយុ៧០ឆ្នាំ មុខរបរ អ្នកគ្រប់គ្រង ស្នាក់នៅកន្លែងកេីតហេតុ ។
បន្ទប់ដែលឆាបឆេះមានទំហំ៨ម៉ែត្រគុណ៨ម៉ែត្រ ធ្វើពីបេតុង នៅជាន់ទី១ ។
បេីតាមប្រភពពីសន្តិសុខដែលយាមនៅក្នុងរោងចក្រខាងលេីបានឱ្យដឹងថា មុនពេលកេីតហេតុ ពួកគាត់កំពុងតែអង្គុយយាមនៅក្នុងរោងចក្រ ហើយគាប់ជួនដល់ម៉ោងកេីតហេតុ ក៍ស្រាប់តែបុរសជាជនជាតិថៃដែលជាអ្នកគ្រប់គ្រងនៅរោងចក្រនោះ បានស្រែកហៅពួកគាត់ក្នុងគោលបំណងឱ្យជួយ។ លុះពេលពួកគាត់រត់ទៅក៏ឃេីញមានអណ្ដាតភ្លើងនិងផ្សែងហុយខ្មួលខ្មាញ់ចេញពីបន្ទប់បាត់ទៅហើយដោយមិនដឹងពីមូលហេតុអ្វីនោះទេ គឺពួកគាត់បានត្រឹមតែជួយតទុយយោទឹក និងយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ចំនួន៣បំពង់តែមិនអាចគ្រប់គ្រងបាន ទេីបរាយការណ៍ជូនកម្លាំងសមត្ថកិច្ចសុំជំនួយរថយន្ដពន្លត់អគ្គិភ័យអោយជួយធ្វើអន្តរាគមន៍តែប៉ុណ្ណោះ ។
ប្រភពបានបន្តទៀតថា លុះបន្តិចក្រោយមក ក៏មានអាជា្ញធរសមត្ថកិច្ចក៏ដូចជារថយន្តពន្លត់អគ្គិភ័យមានដូចជា រថយន្តបង្ការពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញប្រចាំនៅខណ្ឌដង្កោចំនួន២គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១ចំនួន២គ្រឿង បានទៅដល់កន្លែងកេីតហេតុ និងសហការគ្នាបាញ់ពន្លត់អស់ទឹកចំនួន៣រថយន្ដ ទេីបធ្វើឱ្យភ្លើងរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃដដែល ។
ចំពោះករណីអគ្គិភ័យនេះដែរ គឺមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ គ្រាន់តែឆេះសម្ភារក្នុងបន្ទប់អស់ទាំងស្រុងតែប៉ុណ្ណោះ។ ចំពោះមូលហេតុវិញ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីចេញពីកំសៀវដាំទឹក ទេីបធ្វើឱ្យមានការឆាបឆេះនេះឡេីង ៕ដោយ ៖ ភារ៉ា ដង្កោ