ទីក្រុងតូក្យូប្រតិកម្មយ៉ាងខ្លាំង ក្រោយកូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធាក្បែរប្រជុំកោះមានជម្លោះ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៣បានផ្សាយថា ជប៉ុនបានបង្ហាញការមិនពេញចិត្តទៅកាន់កូរ៉េខាងត្បូងជុំវិញការធ្វើសមយុទ្ធយោធារបស់ទីក្រុងសេអ៊ូល នៅទីប្រជុំកោះដែលមានបញ្ហាវិវាទ ហើយបានចាត់ទុកទង្វើរបស់កូរ៉េខាងត្បូងជារឿងគួរឱ្យសោកស្តាយជាខ្លាំង។

កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រសួងការបរទេសជប៉ុនបានឱ្យដឹងថា ខ្លួនបានកោះហៅមន្រ្តីទូតជាន់ខ្ពស់ម្នាក់នៃស្ថានទូតកូរ៉េខាងត្បូងនៅទីក្រុងតូក្យូ ខណៈដែលស្ថានទូតជប៉ុននៅទីក្រុងសេអ៊ូល ក៏បានកោះហៅមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកូរ៉េខាងត្បូងដើម្បីសម្តែងការតវ៉ាផងដែរ។ ក្រសួងការបរទេសជប៉ុន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «តាកេស៉ិម៉ា (Takeshima) គឺជាទឹកដីរបស់ជប៉ុនដែលមិនអាចប្រកែកបាន ដោយផ្អែកលើការណ៍ពិតនៃប្រវត្តិសាស្រ្តនិងច្បាប់អន្តរជាតិ។ ការធ្វើសមយុទ្ធនៅទីប្រជុំកោះនោះ ដោយយោធាកូរ៉េខាងត្បូង គឺជាទង្វើមិនអាចទទួលយកបាន និងគួរឱ្យសោកស្តាយជាខ្លាំង»។
ជាយូរមកហើយប្រទេសជិតខាងទាំងពីរនេះ បានមើលមុខគ្នាមិនសូវចំ ដោយសារតែបញ្ហាអធិបតេយ្យនៃទីប្រជុំកោះមួយដែលជប៉ុនហៅថា Takeshimaហើយកូរ៉េខាងត្បូងហៅថា ដូកដូ (Dokdo) ស្ថិតនៅចំចំណុចកណ្តាលរវាងប្រទេសជប៉ុននឹងកូរ៉េខាងត្បូង លើផ្ទៃសមុទ្រជប៉ុន ដែលកូរ៉េខាងត្បូងហៅថា សមុទ្រខាងកើត។
ការតវ៉ាខាងលើរបស់ទីក្រុងតូក្យូកើតមានស្របពេលដែលទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល ចាប់ផ្តើមទទួលបានភាពប្រសើរឡើង ចំពោះមុខក្តីកង្វល់រួមស្តីពីការកើនឡើងឥទ្ធិពលរបស់ចិន និងចំគ្រាដែលសហរដ្ឋអាមេរិកកំពុងតែប្រឹងប្រែងជំរុញឱ្យសម្ព័ន្ធមិត្តអាស៉ីខាងកើតរបស់ខ្លួនទាំងពីរ ធ្វើការជាមួយគ្នាឱ្យជិតស្និទ្ធជាងមុន។ មេដឹកនាំអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ត្រូវគេរំពឹងថា នឹងបើកកិច្ចប្រជុំត្រីភាគីនៅសហរដ្ឋអាមេរិក អំឡុងរដូវក្តៅឆ្នាំនេះ៕ ដោយធីរីណា

...

រូប​ថត​: TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print