ភ្នំពេញ : នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមកាងារចុះជួយខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌសែនសុខ បានអញ្ជើញជួបសំណេះសំណាល និងគូសសន្លឹកឆ្នោតសាកល្បង ដែលមានរូបទេវតាបាចផ្កាជាសម្គាល់ និងលេខរៀងទី១៨ លើសន្លឹកឆ្នោត ដែលត្រូវបោះឆ្នាតជ្រើសតាសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជូនដល់បុគ្គលិកលក់រថយន្ត BMW ហាងកាហ្វេ Amazon ធនាគារ នៅមជ្ឈមណ្ឌលអ៊ែតវូត ក្នុងសង្កាត់អូរបែកក្អម និងបុគ្គលិកលក់រថយន្ត ford ការ៉ាសសាំងតូតាល់ និងហាងកាហ្វេ starbucks ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ; នៅថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតនាថ្អៃទី១ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានប្រកាសដាក់ចេញកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា រួមមាន៖
កម្មវិធីទី១ : ការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល ដោយចាប់ផ្ដើមពី៖ (១) ការផ្ដល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យប្រមាណជាង ៤៥ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១,៥លាននាក់ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល និង(២) ការពង្រីករបបថែទាំសុខភាពរបស់ ប.ស.ស. ទាំងសម្រាប់កម្មករ-និយោជិត និងសម្រាប់មន្ត្រីសាធារណៈដែលគ្របដណ្ដប់បន្ថែមដល់សមាជិកគ្រួសារ និងអ្នកក្នុងបន្ទុករបស់ពួកគាត់ ប្រមាណជាង ៣លាននាក់ តាមគោលការណ៍ស្ម័គ្រចិត្ត។ ជាសរុប គម្រោងទាំងពីរនេះ នឹងធ្វើឱ្យប្រជាជនប្រមាណ ៧,៤លាននាក់ មានលទ្ធភាពទទួលបាននូវរបបសន្តិសុខសង្គមផ្នែកសេវាថែទាំសុខភាព។
កម្មវិធីទី២ : ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសដែលមានចំនួនប្រមាណជាង ១,៥លាននាក់ នៅតាមបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈនានារបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។
កម្មវិធីទី៣ : ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ដើម្បីជួយទ្រទ្រង់ និងផ្ដល់ការគាំពារទាន់ពេល និងក្នុងលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យទៅតាមស្ថានភាពជាក់ស្ដែងនៃវិបត្តិ ឬគ្រោះអាសន្ន នៅតាមគ្រប់ទីតាំងភូមិសាស្ត្រទូទាំងប្រទេស ដែលនឹងគ្របដណ្ដប់លើប្រជាជនសរុបប្រមាណ ៤,៣លាននាក់។
កម្មវិធីទី៤ : ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ តាមរយៈ ៖ (១) ការផ្ដល់នូវការគាំពារ និងការបង្កើតនូវបរិយាកាសអំណោយផលសម្រាប់ការធ្វើធុរកិច្ច និងពាណិជ្ជកម្ម ព្រមជាមួយនឹងការផ្ដល់នូវការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ក្រុមហ៊ុន-សហគ្រាសធុនមីក្រូ តូច និងមធ្យម, និង (២) ការផ្ដល់ការគាំពារសង្គម ដល់បុគ្គលស្វ័យនិយោជន៍នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្ដោតការយកចិត្តទុកដាក់ជាបឋមលើការផ្ដល់សេវាថែទាំសុខភាពនៅក្រោមមូលនិធិសមធម៌សុខាភិបាល។
កម្មវិធីទី៥ : ការដាក់ចេញនូវយន្ដការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ តាមរយៈការដាក់ចេញនូវកញ្ចប់ថវិកាជាក់លាក់ដោយចាប់ផ្ដើមពីចំនួន ១០០លានដុល្លារមេរិក និងអាចវិភាជថវិកាបន្ថែមប្រសិនបើមានតម្រូវការចាំបាច់ ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេល ក្នុងការទិញកសិផលពីប្រជាកសិករ ជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផល ជាពិសេសលើផលិតផលកសិកម្មមួយចំនួន ជាអាទិ៍ ស្រូវ ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចាន់ទី ដំឡូង ពោត និងផលិតផលផ្សេងទៀត តាមការចាំបាច់។
កម្មវិធីទី៦ : ការរៀបចំចាត់បញ្ជូនមន្ត្រីបច្ចេកទេសផ្ដល់សេវាកសិកម្មឱ្យបានគ្រប់ឃុំទាំងអស់នៅទីជនបទទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន ៕
ដោយ : សិលា