ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានបង្ហាញមុនក្រុមចោរឆក់កាបូបយ៉ាងសកម្មក្នុងក្រុងព្រះសីហនុ ៣នាក់ ជាសាធារណៈក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា កាលពីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ថ្មីៗនេះ មានប្រជាពលរដ្ឋប្តឹងរាយការណ៍មកថា នៅចំណុចលើដងផ្លូវវិថីឆ្នេររាម ទល់មុខព្រលានយន្តហោះអន្តរជាតិកងកេង ស្ថិតក្នុង ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) មួយកើតឡើង បង្កដោយជនសង្ស័យចំនួន០៣នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះឈ្មោះ ទិត សារ៉ែន ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានជិះម៉ូតូរត់គេចខ្លួនបាត់ ។
បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងជំនាញនគរបាលស្រុកព្រៃនប់ និងកម្លាំងប៉ុស្តិ៍នគរបាលឃុំរាម បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង០៣នាក់ ខណៈដែលជនសង្ស័យបានផ្ដួលម៉ូតូរួចរត់ចូលក្នុងព្រៃ ។
ជនរងគ្រោះឈ្មោះ ទិត សារ៉ែន ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សម្ភារបាត់បង់មាន កាបូបស្ពាយ ១ ក្នុងនោះមានទូរស័ព្ទ ២គ្រឿង ។
ជនសង្ស័យចំនួន ០៣នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ចាន់ ហេង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ខេត្តព្រះសីហនុ ។ (អ្នកឆក់ផ្ទាល់)
២-ឈ្មោះ កៅ យ៉ូវ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ខេត្តព្រះសីហនុ ។ (អ្នកជិះពីក្រោយ)
៣-ឈ្មោះ ចាន់ តឹង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅខេត្តព្រះសីហនុ ។ (អ្នកបើកម៉ូតូ)
សម្ភារវត្តុតាងដកហូតរួមមាន៖
-ម៉ូតូ ១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ គ្មានស្លាកលេខ ។ (ជាមធ្យោបាយប្រព្រឹត្តបទល្មើស)
-កាបូបស្ពាយចំហៀង ១ ម៉ាក LV ក្នុងនោះ មានទូរស័ព្ទដៃ ០២គ្រឿង ម៉ាក ViVo ពណ៌ទឹកមាស ១គ្រឿង និងម៉ាក Oppo ពណ៌ខៀវ ១គ្រឿង ។ (ជាផលនៃអំពើលួច)
-ទូរស័ព្ទដៃ ០២គ្រឿង ម៉ាក Lenovo ពណ៌ស ១គ្រឿង និង ម៉ាក Samsung ពណ៌ខ្មៅ ១គ្រឿង ។ (ជារបស់ជនសង្ស័យ)
-កាបូបស្ពាយ ១ ពណ៌ខ្មៅ ក្នុងនោះមានលិខិតបញ្ចាំមួយចំនួន ។ (ជារបស់ជនសង្ស័យ)
បច្ចុប្បន្នជនសង្ស័យខាងលេីនេះ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ត្រៀមបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត បន្តនិតិវិធីច្បាប់៕ដោយ៖សហការី