បេីករថយន្តចុះពីលើស្ពានព្រះមុនីវង្សយ៉ាងលឿនរេចង្កូតទៅបុកខឿនក្រឡាប់ប៉ះឡំប្រឺតាបណ្តាលឱ្យឆេះរថយន្ត​ ភ្ញាក់ផ្អេីលជាខ្លាំង

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តម៉ាក​កាមរីឆ្លាមមួយគ្រឿង​បេីកបរដោយបុរសម្នាក់​និងមានបុរស៣នាក់ទៀតរួមដំណេីរជាមួយបានបើកចុះពីលើស្ពានព្រះមុនីវង្សយ៉ាងលឿនហើយបានរេចង្កូតទៅបុកខឿនផ្លូវពេញទំហឹងបណ្តាលឱ្យរថយន្តក្រឡាប់ទៅប៉ះនឹងឡំប្រឺតាមួយគ្រឿង រួចរថយន្តបង្កបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះប្រជាពលរដ្ឋជិតខាងនិងអាជ្ញាធរមូលដ្ឋានបានជួយពន្លត់និងយកមនុស្សចេញពីក្នុងរថយន្តទាន់ពេលវេលា​ ។

​      គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៨នាទីទៀបភ្លឺ​ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចគល់ស្ពានព្រះមុនីវង្សខាងកើត (ហៅស្ពានច្បារអំពៅ)​ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បាអំពៅ​ រាជធានីភ្នំពេញ​ ។
​    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីឆ្លាម​ ពណ៌ស្ករមួយគ្រឿង​ ពាក់ផ្លាកលេខ ភ្នំពេញ 2D-6222បើកបរដោយបុរសម្នាក់​ និងមានបុរស៣នាក់ទៀតរួមដំណេីរជាមួយចេញពីផ្លូវជាតិលេខ២រួចឡើងលើស្ពានព្រះមុនីវង្សបំណងឆ្ពោះទៅផ្លូវជាតិលេខ១​ ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនយ៉ាងលឿន ខណៈដែលបើកចុះជិតដល់គល់ស្ពាន​ស្រាប់តែរេចង្កូតទៅបុកខឿនផ្លូវយ៉ាងពេញទំហឹងបណ្តាលឱ្យបាក់ខឿនមួយកង់ខ្ទាតចេញពីកន្លែងដើម​ រីឯរថយន្តបង្កបានក្រឡាប់ទៅប៉ះឡំប្រឺតាមួយគ្រឿងទៀត​ ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2HX-7204បើកដោយបុរសម្នាក់ស្របទិសគ្នានៅពីមុខបណ្តាលឱ្យរងការខូចខាត ។
​     ក្រោយកេីតហេតុភ្លាមៗរថយន្តបង្កបានឆេះចេញជាអណ្តាតភ្លើង​ តែត្រូវបានប្រជាពលរដ្ឋជិតខាងនាំគ្នាជួយទាញទុយយោទឹកបាញ់ពន្លត់និងជួយសង្រ្គោះបុរស៤នាក់ចេញពីក្នុងរថយន្តមកខាងក្រៅទាន់ពេលវេលា​ ដោយមិនបង្កឱ្យមាននរណាម្នាក់រងរបួសនោះទេ​ ។
​    ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានបានចេញរថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿងមកធ្វេីការបាញ់ទឹកពន្លត់​ ដេីម្បីឱ្យរលត់ទាំងស្រុង និងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ដើម្បីឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឱ្យភាគីរថយន្តបង្កចូលខ្លួនមកដោះស្រាយតាមនីតិវិធី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print