ភ្នំពេញ : ចូលរួមជាមួយអ្នកស្ម័គ្រចិត្តមកពីក្រុមអ្នកជិះកង់ Angkor Cycling Club និងក្រុមហ៊ុន Chandara Adventure ដើម្បីជួសជុលកង់ចំនួន ៤០០គ្រឿង ជូនដល់សិស្សានុសិស្សនៅក្នុងវិទ្យាល័យរុនតាឯកនៃស្រុកបន្ទាយស្រី។ នេះជាការលើកឡើង របស់ លោកឃឹម ហ្វីណង់ អភិបាលរង នៃគណៈអភិបាល ខេត្តសៀមរាប នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។
លោកអភិបាលរងខេត្តសៀមរាបដ៏វ័យក្មេង បានថ្លែងថា : កន្លងមក រដ្ឋបាលស្រុកបន្ទាយស្រីធ្លាប់បានសហការជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដើម្បីអនុវត្តគម្រោងប្រហាក់ប្រហែលគ្នានេះដែរ ហើយពិតជាសប្បាយចិត្តដែលឃើញគម្រោងជួសជុលកង់ឱ្យសិស្សនេះត្រូវបានអ្នកស្ម័គ្រចិត្តនិងសប្បុរសជនផ្សេងទៀតនៅតែបន្តចូលរួមយកទៅអនុវត្ត ដើម្បីបានជាប្រយោជន៍ដល់ក្មួយៗសិស្សានុសិស្ស។
លោកបន្តថា : សិស្សនៅតាមទីជនបទដែលមានជីវភាពទីទ័លខ្លាំង តែងតែចំណាយពេលពី១ម៉ោងទៅ២ម៉ោងក្នុងមួយថ្ងៃដើម្បីដើរទៅសាលារៀន ដែលជាហេតុផលសំខាន់មួយធ្វើអោយកុមារខ្លះមិនអាចចូលរៀនបានរហូតទាល់តែអាចដើរទៅសាលាដោយខ្លួនឯងបាន ហើយខ្លះទៀតសុខចិត្តបោះបង់ចោលការសិក្សា ដោយហេតុតែសាលានៅឆ្ងាយពេក។ ហេតុដូច្នេះហើយបានជាការផ្តល់ជូនជាយានជំនិះដល់សិស្ស ឬការជួសជុលជូនពួកគាត់ពិតជាមានសារៈសំខាន់ណាស់សម្រាប់អនាគតវែងឆ្ងាយនៃការសិក្សាអប់រំរបស់ក្មេងៗទាំងនេះ ៕
ដោយ : សិលា