ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ ៩នាក់ របួសធ្ងន់ ១០នាក់ និងស្រាល ៣នាក់ ។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៩ ខែកក្កដា បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២២នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១៥លើក មាន កត្តាល្បឿន ៤លើក មិនគោរពសិទ្ធ ៥លើក មិនប្រកាន់ស្តាំ ៣លើក ប្រជែងគ្រោះថ្នាក់ ១លើក បត់គ្រោះថ្នាក់ ១លើក និងងងុយ ១លើក។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរ ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ណាមួយជាយថាហេតុ និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ៕ដោយ៖សហការី