ភ្នំពេញៈ សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌច្បារអំពៅដែលមានលោកចេង មុនីរ៉ា ជាប្រធានស.ស.យ.ក.ខណ្ឌបានបើកវគ្គបណ្តុះបណ្តាលស្តីពីក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ផងដែរ។
ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍ នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឃុត ចាន់ដារ៉ា អនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ តំណាងលោកសាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ , លោកចេង មុនីរ៉ា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌច្បារអំពៅ , លោក–លោកស្រី ជាអនុប្រធាន ស.ស.យ.ក ខណ្ឌ និងមានការចូលរួមក្នុងវគ្គបណ្តុះបណ្តាលពីកម្លាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌជិត៤០០នាក់ ។
លោកចេង មុនីរ៉ា អភិបាលខណ្ឌនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌច្បារអំពៅបានថ្លែងដូច្នេះថា ការបើកវគ្គបណ្តុះបណ្តាលស្តីពីក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍ជាតិរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌច្បារអំពៅ ចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ពិតជាមានសារៈសំខាន់ណាស់ និងសូមកោតសរសើរដោយស្មោះចំពោះវត្តមានលោក លោកស្រីសមាជិក សមាជិកា ជាពិសេសប្អូនៗយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ–សង្កាត់ ដែលបានឆ្លៀតពេលដ៏មមាញឹកពីការងារ ការសិក្សារបស់ខ្លួន មកចូលរួមវគ្គបណ្តុះបណ្តាលនេះ ។
ដោយឡែកលោក ឃុត ចាន់ដារ៉ា អនុប្រធាន ស.ស.យ.ក រាជធានីភ្នំពេញតំណាងលោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបានមានមតិសំណេះសំណាលនិងផ្តាំផ្ញើដល់សិក្ខាកាមយ៉ាងដូច្នេះថា វគ្គបណ្តុះបណ្តាលនេះសិក្ខាកាមនឹងទទួលបានចំណេះដឹងអំពីនីតិវិធី បទបញ្ជា ក្រមសីលធម៌នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងយល់ច្បាស់លាស់ពីតួនាទី ភារកិច្ច របស់អ្នកសង្កេតការណ៍ជាតិ នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ។ ក្រោយពេលចប់វគ្គបណ្តុះបណ្តាលនេះលោក លោកស្រី និងប្អូនៗយុវជនប្រាកដជាយល់ច្បាស់អំពីគោលបំណង អត្ថន័យ និងអត្ថប្រយោជន៍ នៃសូចនាករនីមួយៗ ដើម្បីយកទៅអនុវត្ត ៕ ដោយ៖សណ្តោស