ខេត្តស្វាយរៀង: បុរសម្នាក់ត្រូវបានសន្តិសុខប្រទះឃើញដេកស្លាប់នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យសពដោយសង្ស័យថាខ្យល់គរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥នាទីព្រលប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីស ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ វ៉ាត់ វ៉ាន់ អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្ន ស្នាក់នៅធ្វើកម្មករសំណង់នៅកន្លែងកើតហេតុ។
ប្រភពបន្តថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ថាមានមនុស្សដេកស្លាប់នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសរួចមក សមត្ថកិច្ចនគរបាលស្រុកសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យមើលហើយសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង(ខ្យល់គរ)ប្រាកដមែនដោយមិនមានស្នាកស្នាមជារឿងឃាតកម្មនោះទេ។
ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សុថាន