កាលពីចុងសប្តាហ៍កន្លងមក រដ្ឋមន្រ្តីការបរទេសថៃ បង្ហើបថាបានជួបជាមួយលោកស្រី អោងសាន ស៊ូជី

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣នេះបានផ្សាយថា រដ្ឋមន្រ្តីការបរទេសថៃ បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានថា រូបលោកបានជួបជាមួយអតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី កាលពីសប្តាហ៍កន្លងទៅ ខណៈវាជាជំនួបលើកដំបូងរបស់លោកស្រីជាមួយប្រេសិតបរទេសដែលត្រូវបានប្រកាសឱ្យដឹងជាសាធារណៈគិតចាប់តាំងពីលោកស្រីបានជាប់ឃុំឃាំង ក្រោយរដ្ឋប្រហារយោធាឆ្នាំ២០២១។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៉ី ប្រមុខការទូតថៃ លោក ដន ប្រាមូដវីណៃ (Don Pramudwinai) បាននិយាយថា មានការជួបគ្នាជាមួយលោកស្រីអោងសាន ស៊ូជីនាពេលកន្លងទៅនេះ ដោយលោកស្រីមានសុខភាពល្អធម្មតា ហើយវាគឺជាជំនួបដ៏ប្រសើរមួយ។ បើតាមលោក ដន គឺលោកបានជួបលោកស្រី ស៊ូជី កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ហើយលោកស្រីបានអំពាវនាវជាថ្មីឱ្យមានកិច្ចសន្ទនាដើម្បីបញ្ចប់វិបត្តិនៅក្នុងប្រទេស។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាធ្លាប់បានបដិសេធជាប់រហូតចំពោះសំណើម្តងហើយម្តងទៀត ពីសំណាក់ក្រុមអ្នកការទូតបរទេស ដើម្បីសុំជួបផ្ទាល់ជាមួយលោកស្រី អោងសាន ស៊ូជី ដែលបានជាប់ឃុំឃាំងចាប់តាំងតែពីការផ្ទុះឡើងនៃរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបានបិទបញ្ចប់អន្តរកាលនៃលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា ហើយបានរុញច្រានប្រទេសអាស៊ានមួយនេះឱ្យធ្លាក់ទៅក្នុងវិបត្តិនិងការបង្ហូរឈាមគ្នា។ លោកស្រី ស៊ូជី ត្រូវបានតុលាការនៃរបបសឹកមីយ៉ាន់ម៉ា ផ្តន្ទាទោសដាក់ពន្ធនាគារសរុបរយៈពេល ៣៣ឆ្នាំ៕ ដោយធីរីណា

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print