ភ្នំពេញ : ព្រឹកមិញនេះ តាមបណ្ដាញទំនាក់ទំនងសង្គម facebook តាមប្រព័ន្ធផ្សព្វផ្សាយបានបង្ហោះព្រោងព្រាត ពីសកម្មភាពរបស់អង្គរក្សចំនួន 4 នាក់ ជិះម៉ូតូ 2 គ្រឿង អមរថយន្តមេរបស់ខ្លួន បានធ្វើសកម្មភាពធាក់អ្នកធ្វើដំណើរតាមផ្លូវទាំងកំរោល និងសម្លុតដោយសារតែបាំងរថយន្តរបស់មេ ហើយមិនបានគិតអំពីអាទិភាពផ្លូវរបស់អ្នកបើកម៉ូតូនោះឡើយ។
អ្នកលេង facebook ខ្លះបានលើកឡើងថា បើខ្លួនមានអំណាចមានប្រាក់កាស កក់ផ្លូវធ្វើដំណើរក្រុមខ្លួនឯងទៅ ហេតុអីមកធាក់ប្រជាពលរដ្ឋដែលបានបង់ពន្ធផ្លូវដូចគ្នា។
អ្នកខ្លះទៀតបានបង្ហោះថា : ( អង្គរក្ស ឧកញ៉ាត្រកូល លឹម ដែលធ្លាប់បាញ់សម្លាប់គ្នាឯងកន្លងមកនៅបឹងកេងកងកាលពីឆ្នាំ២០២២ កំពុងជាប់ពន្ធនាគារហើយ ។ ឥលូវអង្គរក្សឧកញ៉ាត្រកូល លឹម ចេញមកកាចៗទៀតហេីយ) ។
គេបន្តថា សូមកុំកាចពេកវេីយ ពេលមានរឿង ឧកញ៉ាជួយមិនបានទេ ធ្វេីស្លូតៗបានហេីយ 🙏។
ប្រភពគួរឱ្យជឿទុកចិត្តបានបង្ហើបថា : ក្រុមអង្គរក្សដែលធាក់អ្នកដំណើរជាក្រុមអង្គរក្សរបស់ឧកញ៉ាលឹម រស់ ! ប៉ុន្តែគេពុំដឹងថាគាត់នៅក្នុងរថយន្តនោះឬមួយអ្នកផ្សេងនោះទេ។ ដោយឡែកឯកសារពាក់ព័ន្ធនឹងរថយន្តម៉ាក ROLLS ROYCE ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BL-1717 ម្ចាស់កម្មសិទ្ធិករ ឈ្មោះ សុទ្ធី ម៉ូនីកា ភេទស្រី មានអត្តសញ្ញាណប័ណ្ណលេខ 011099988 ។ ប្រភពដដែលបានបន្តថា : ក្រុមគ្រួសារឧកញ៉ា លឹម រស់ មានរថយន្តជាច្រើនគ្រឿង ពាក់ស្លាកលេខ 1717 ដូចៗគ្នា។ ម្យ៉ាងវិញទៀត បើត្រូវចេញដំណើរម្ដងៗយ៉ាងហោចណាស់ក៏មានអ្នកអមតាមរថយន្តចាប់ពីបួននាក់ 5 នាក់ 6 នាក់ ដល់ 8 នាក់។
សូមបញ្ជាក់ថា : បើអង្គរក្សបើកម៉ូតការពារមេរបស់ខ្លួន ហើយធាក់អ្នកដំណើរដើម្បីយកផ្លូវធ្វើជាកម្មសិទ្ធិបើកតែខ្លួនឯង ហាក់ដូចជាកាចជ្រុលបន្តិចហើយ អ្នកមាន !
នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ឆ្នាំ២០២៣ មានគណនី Facebookមួយឈ្មោះ «គាំទ្រគណបក្សប្រជាជនដើម្បីប្រជាជន » បានបង្ហោះនូវសកម្មភាពមួយ ដែលអ្នកបើកម៉ូតូ(អង្គរក្ស)ការពារមេ ឈានដល់យកជើងធាក់អ្នកធ្វើដំណើរ ដោយសារមិនជៀសឡានមេកើយរបស់គេ ! បើសិនករណីនេះជាការណ៍ពិត គឺហួសបន្តិចហើយ អ្វីដែលអ្នកធ្វើបំពេញមុខចៅហ្វាយនាយ តែប៉ះពាល់សិទ្ធិអ្នកដទៃ ជាអំពើមិនថ្លៃថ្នូរឡើយ ។
អង្គភាពមជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» សូមដកស្រង់ទាំងស្រុងពីគណនី Facebookមួយឈ្មោះ «គាំទ្រគណបក្សប្រជាជន ដើម្បីប្រជាជន » ដែលបានបង្ហោះ ហើយពិចារណាតាមការគួរចុះទាន !!
មុននេះបន្តិចខ្ញុំបានឃើញហេតុការណ៍មួយដែលកើតឡើងនៅលើផ្លូវចាក់អង្រែក្រោម ដែលមានអង្គរក្សពីរម៉ូតូ មានគ្នាបួននាក់ដែលបានជិះតាមឡានម៉ាក Rolls Royce ពណ៌ខ្មៅ ដែលមានអង្គក្សចរិតដូចជាជនពាល ពួកបាតផ្សារ បានធាក់ម៉ូតូបងប្រុសម្នាក់ដែលបានជិះនៅលើគន្លងផ្លូវស្តាំរបស់គាត់ ហើយបុរសពីរនាក់ដែលមានកាន់វិទ្យុទាក់ទងបានព្យាយាមជិះទៅកៀរគាត់នៅខាងមុខ តែដោយសារជិះវ៉ាជែងមិនបានដោយសារគាត់នៅពីមុខហើយជែងមិនផុតព្រោះគាត់ជិះយឺត ក៏បានធាក់គាត់ពីក្រោយ និងចុះមករករឿងរកវ៉ៃគាត់ ហើយនិយាយថា ជិះហ្នឹងមានមើលឡានគេទេ ខ្ញូំចង់សួរថាឡានមេគាត់ហ្នឹងជាឡានក្បួនឬផ្លូវហ្នឹងធ្វើសម្រាប់តែពួកគាតជិះទេ? បើយើងចង់លឿនតាមមេកើយទេ យើងជិះទៅជិតគាត់ហើយប្រាប់គាត់ទៅថា បងខ្ញុំសុំទៅមុនមួយដើម្បីតាមឡានមេ នេះជាសុជីវធម៌និងការគោរពអ្នកដទេ មិនមែនចរិតពាលជិះកៀរចូលទៅគន្លងផ្លូវគេហើយ ធាក់ម៉ូតូអោយជៀសផ្លូវហើយរករឿងវ៉ៃគេនោះទេ។ ដូច្នេះសូមអាជ្ញាធរមានសមត្ថកិច្ចជួយមើលនិងចំណាំផង និងសូមផ្តាំអស់លោកមួយចំនួនជួយមើលនិងបង្រៀនកូនចៅអោយមានសីលធម៌ ក្នុងការបើកបរផង សូមអរគុណ ។
អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត ” មិនអាចធ្វើការទាក់ទងសុំការបំភ្លឺបានទេ ពីលោកឧកញ៉ា លឹម រស់ ដោយគ្មានលេខទូរស័ព្ទ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ។ ម្យ៉ាងវិញទៀត ខាងម្ចាស់រថយន្តដូចជាពុំទាន់ឃើញចេញមុខបកស្រាយ។ ដោយឡែកក្រុមអង្គរក្សទាំងនោះក៏មិនឃើញសមត្ថកិច្ចបញ្ជាក់អំពីអត្តសញ្ញាណនៅឡើយ។ ដូច្នេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត ” នឹងរង់ចាំទទួលការបំភ្លឺណាមួយពីភាគីពាក់ព័ន្ធដែលបានបង្ហាញការណ៍ពិត ដើម្បីជាប្រយោជន៍ឱ្យសាធារណជនបានដឹង ៕ ដោយ ៖ សហការី
ដោយ ៖ សហការី