ក្រុមអ្នកជំនាញ ធ្វើកំណាយក្នុងកំពែងប្រាសាទអង្គរវត្ត ទិសនីរតី ដើម្បីសិក្សាទីតាំងមនុស្សរស់នៅសម័យអង្គរ និងការផ្លាស់ប្ដូរសាសនាពីព្រហ្មញ្ញមកជាពុទ្ធសាសនាថេរវាទ

ចែករំលែក៖

ខេត្តសៀមរាប÷ អាជ្ញាធរជាតិអប្សរា សាកលវិទ្យាល័យហាវ៉ៃ រួម និងសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៃសហ រដ្ឋអាមេរិក បានសហការធ្វើកំណាយបុរាណវិទ្យាស្រាវជ្រាវរួមគ្នាមួយនៅទីទួលវិហារបុរាណស្ថិតនៅទិសនីរតីមិនឆ្ងាយប៉ុន្មានពីប្រាង្គប្រាសាទអង្គរវត្ត។

ការស្រាវជ្រាវនេះ ធ្វើឡើងដើម្បីសិក្សាអំពីទួលមនុស្សរស់នៅក្នុងទីក្រុងអង្គរផង ព្រមទាំងចង់ដឹងថា តើមានការផ្លាស់ប្ដូរអ្វីខ្លះនៅក្នុងសហគមន៍ទីក្រុងនៅពេលមាន ការផ្លាស់ប្ដូរសាសនា និងការប្តូរទីក្រុងពីតំបន់អង្គរទៅភាគខាងត្បូងផង។ 

លោកបណ្ឌិត ហេង ពិភាល់ បុរាណវិទូនៃសាកលវិទ្យាល័យហាវ៉ៃ និងជាប្រធានគម្រោងស្រាវជ្រាវបានឱ្យដឹង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះថា ការធ្វើកំណាយស្រាវជ្រាវពេលនេះ គឺធ្វើឡើងនៅលើរចនា សម្ព័ន្ធនៃខឿនព្រះវិហារបុរាណ។ រចនាបថសន្លឹកសីមាអាចឱ្យយើងកំណត់អាយុកាលទួលវិហារនេះទៅអំឡុងសតវត្សរ៍ទី១៤ ដល់ទី១៦ ដូច្នេះ ព្រះវិហារពុទ្ធសាសនាថេរវាទបុរាណនេះ គេកសាងនៅក្នុងបរិវេណប្រាសាទដែលឧទ្ទិសទៅដល់អាទិទេពធំនៃព្រហ្មញ្ញសានា គឺព្រះវិស្ណុ ឬព្រះនរាយណ៍។ 

បណ្ឌិតរូបនេះបញ្ជាក់ទៀតថា តាមការស្រាវជ្រាវពីមុនបង្ហាញថា នៅក្នុងបរិវេណប្រាសាទអង្គរវត្ត គឺជាកូនក្រុងមួយរបស់រាជធានីអង្គរ ដូច្នេះហើយទើបខ្មែរយើងអ្នកសៀមរាបហៅថា «អង្គរតូច»។ កូនក្រុងនេះ មានប្រព័ន្ធទួលស្រះនិងផ្លូវខ្វាត់ខ្វែងជាក្រឡាចត្រង្គនៅក្នុងបរិវេណ ប្រាសាទអង្គរវត្ត។ប្រសិនជាមើលតាមស្នាមក្រឡាចត្រង្គ របស់ក្រុងនេះយើងឃើញថាទួលព្រះវិហារធ្វើនៅលើទួល ដែលធ្លាប់ជាទួលផ្ទះមានមនុស្សរស់នៅតាំងពីសតវត្សរ៍ទី១២មកម៉្លេះ។ ដូច្នេះហើយអ្នកស្រាវជ្រាវចម្រុះ ស្ថាប័នចង់ដឹងថា តើទីតាំងមនុស្សរស់នៅកន្លែងនេះ អាចបន្សល់នូវភស្តុតាងអ្វីខ្លះទាក់ទងជាមួយនឹងការផ្លាស់ប្តូរសាសនាពីព្រហ្មញ្ញ និងពុទ្ធសាសនាមហាយានទៅជាពុទ្ធសាសនាថេរវាទនៅចុងសម័យអង្គរ ដែលស្រុកខ្មែរកំពុងតែប្រតិបត្តិរហូតមកដល់សព្វថ្ងៃនេះ? 

គេដឹងថា ជាយូរមកហើយអ្នកភូមិ អ្នកក្រុងអង្គរ ធ្លាប់គោរពបូជាលទ្ធិព្រហ្មញ្ញសាសនា ដូច្នេះ សំណួរពីក្រុមអ្នកស្រាវជ្រាវគឺថា តើខឿនព្រះវិហារព្រះពុទ្ធសាសនានៅក្នុងបរិវេណប្រាសាទអង្គរវត្តនេះ គេធ្វើឡើងដើម្បីអ្វី? សម្រាប់អ្នកណា? ឬមួយក៏នៅអំឡុងសតវត្សរ៍ទី១៣ -១៤ ទីក្រុងអង្គរបានដូរពីការគោរពព្រហ្មញ្ញសាសនាមកកាន់ពុទ្ធសាសនាថេរវាទនៅក្នុងពេលដែលទីក្រុងអង្គរនៅមានប្រជាជនរស់នៅច្រើននៅឡើយនោះ? ឬព្រះវិហារនេះគេកសាងនៅសម័យក្រោយនាសតវត្សរ៍ទី១៦ នៅពេលដែលព្រះអង្គច័ន្ទយាងមកក្រុងអង្គរវិញ?

លោកបណ្ឌិត ហេង ពិភាល់ ឱ្យដឹងទៀតថា តាមការ ស្រាវជ្រាវព្រះវិហារបុរាណនៃពុទ្ធសាសនាថេរវាទដែលនៅជិតប្រាង្គប្រាសាទអង្គរវត្តនេះ ត្រូវគេទុកចោលយូរធ្វើឱ្យមានខូចខាតនូវរចនាសម្ព័ន្ធអស់ ព្រមទាំងមានដីចាក់បង្គរដែលលប់ពីលើវិហារនេះស្ទើរទាំងស្រុងទើបយើងពុំដឹងថា តើព្រះវិហារនោះគេសាងសង់ពីអ្វីខ្លះ? រូបរាងយ៉ាងម៉េច? តើមានកម្រាលថ្មឬអត់? តើធ្លាប់មានអ្វីខ្លះនៅទីតាំងនេះ? ក្រុមអ្នកស្រាវជ្រាវមានគោលបំណងធំ គឺប្រមូលយកសំណាកធ្យូង និងសំណាកអរហ្គានិកផ្សេងៗនៅបាតរណ្តៅកំណាយយកទៅវិភាគកំណត់អាយុកាលទៅតាមកាបូន១៤។ កាលណាគេរកឃើញធ្យូងឬឆ្អឹងសត្វយកទៅវិភាគនោះ គេនឹងអាចដឹងថា តើព្រះវិហារបុរាណនៃពុទ្ធសាសនាថេរវាទ ដែលសាងសង់នៅលើទួលបុរាណនោះ កើតមានតាំងពីជំនាន់ណា?

ក្រុមអ្នកស្រាវជ្រាវ ឱ្យដឹងថានៅបរិវេណនៃប្រាសាទ អង្គរវត្ត គេឃើញមានស្លាកស្នាមខឿនព្រះវិហារនៃពុទ្ធសាសនាថេរវាទសម័យបុរាណចំនួន២ គឺទី១នៅទិសនីរតី និងមួយទៀតនៅទិសពាយ័ព្យ ដែលបច្ចុប្បន្ននៅមានសំណង់បុស្បុកតម្កល់ព្រះពុទ្ធមួយអង្គ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print