ភ្នំពេញ៖ សម្រាប់ការដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងការបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោត គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានត្រៀមរួចរាល់ហើយ ដើម្បីដង្ហែក្បួនលើតម្រាយផ្លូវប្រវែងជាង៩គីឡូម៉ែត្រនៅក្នុងរាជធានីភ្នំពេញ។
នេះបើតាមការបញ្ជាក់ឱ្យដឹងក្នុងកិច្ចប្រជុំស្ដីពីការដកពិសោធន៍ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២ និងទិសដៅបន្តដើម្បីត្រៀមហែលើកទី៣ និងបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោតនាល្ងាចថ្ងៃទី១២ កក្កដា ២០២៣ ដោយមានការចូលរួមពីលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ដោយមានការចូលរួមពី គណៈកម្មាធិការគណបក្សខណ្ឌទាំង១៤ អង្គភាពនៃមន្ទីរចំណុះអោយគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ស២៦ ស២៧ នៅមន្ទីរបក្សរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះ គឺបានកំណត់រួចហើយដោយយកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោត។ ថ្ងៃបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោតនេះ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានឹងជួបជុំគ្នានៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្រ រួចដង្ហែក្បួនចេញពីកោះពេជ្រចូលមកក្នុងរាជធានីភ្នំពេញ ដោយមកបញ្ចប់នៅបរិវេណបឹងកក់ដែលមានតម្រាយផ្លូវប្រវែងជាង៩គីឡូម៉ែត្រ ៕ សំរិត