សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣បានផ្សាយថា អាជ្ញាធរបាននិយាយថា នៅថ្ងៃសុក្រនេះតំបន់ជាច្រើននៃរដ្ឋធានីញូវដេលីរបស់ប្រទេសឥណ្ឌា ត្រូវជន់លិចបន្ទាប់ពីទឹកពីទន្លេយ៉ាមូណា (Yamuna) ដែលហូរកាត់ទីក្រុងនេះបានហូរចូលតាមទំនប់បង្ហូរដែលខូចខាត។
អភិបាលតំបន់បាននិយាយថា ទំនប់ទឹកដែលមានទីតាំងនៅជិតស្ថានីយរថភ្លើងក្រោមដីអ៉ីនដ្រាប្រាស់ថា (Indraprastha) ស្ថិតក្នុងសភាពខូចខាតជាយូរមកហើយ និងបានដួលរលំនៅម៉ោងប្រហែល ៧យប់ថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) ។ ការខូចខាតបណ្តាលឱ្យទឹកជន់លិចទន្លេ Yamuna ហូរទៅចូលក្នុងទីក្រុងញូវដេលី។ ទីតាំងសំខាន់ៗដូចជា ផ្លូវជុំវិញវិមានចងចាំរជ្ជហាត (Rajghat) ការិយាល័យឯកជន និងរដ្ឋាភិបាលជាច្រើន រួមទាំងទីស្នាក់ការកណ្តាលរបស់ប៉ូលិសទីក្រុងញូវដេលីក៏រងនូវការជន់លិចផងដែរ។ បើតាមអភិបាលក្រុងញូវដេលី លោក អាវីន ខេចរីវ៉ាល (Arvind Kejriwal)បានបញ្ជាក់ថា ជំនួយក៏កំពុងត្រូវបាននាំយកទៅជួយសង្រ្គោះដោយកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិនិងកងទ័ព។
រូបភាពពីប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញឱ្យឃើញផ្លូវជុំវិញទីក្រុងប្រវត្តិសាស្រ្ត (Red Fort) ដ៏ល្បីល្បាញមួយនៃប្រទេសឥណ្ឌាត្រូវបានជន់លិចទាំងស្រុង ខណៈដែលរថយន្តដឹកទំនិញនិងរថយន្តក្រុងដែលខូចត្រូវទុកបោះបង់ចោលនៅតាមកន្លែងជាច្រើន ហើយឃើញតែកញ្ចក់មុខនិងដំបូលប៉ុណ្ណោះនៅក្នុងទឹកជំនន់៕ ដោយធីរីណា
រូបថត: Reuters