ភ្នំពេញ÷កម្ពុជាបាននាំទំនិញក្នុងទឹកប្រាក់ជាង ៥២៧ លានដុល្លារទៅទីផ្សារប្រទេសថៃក្នុងឆមាសទី១ ឆ្នាំ ២០២៣ កើនជាង ៦ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២២ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត ២ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យនេះ បង្ហាញទៀតថា ចាប់ពីខែមករា ដល់ ខែមិថុនា ឆ្នាំ២០២៣ ទំនិញដែលកម្ពុជាបាននាំចេញទៅប្រទេសថៃ មានចំនួន ៥២៧ លានដុល្លារ កើនឡើង ៦,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ខណៈកម្ពុជានាំចូលទំនិញពីថៃមកវិញមានចំនួនជាង ១ ៤៤៧ លានដុល្លារ ធ្លាក់ ១៩,៦ ភាគរយពីចំនួន១ ៨០១ លានដុល្លារ។
ទិន្នន័យដដែល បង្ហាញទៀតថា ដោយឡែក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ក្នុងអំឡុងពេលនេះ មានចំនួន ១ ៩៧៥ លានដុល្លារ ធ្លាក់ចុះ ១៤ ភាគរយ ពីចំនួនជាង ២ ២៩៧លានដុល្លារ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ទំនិញកម្ពុជាបាននាំចេញទៅប្រទេសថៃមានការកើនឡើងនេះគឺភាគច្រើនជាផលិតផលកសិកម្ម ដូចជា ពោត សណ្តែក ដំឡូងមី និងដំណាំរួមផ្សំផ្សេងៗទៀត។
លោក មានប្រសាសន៍ថា៖«ដូច្នេះ ការកើនឡើងនេះគឺយើងឃើញថា ផលិតផលកសិកម្ម ក៏ដូចជា ផ្ទៃដី [កសិកម្ម] ហេដ្ឋារចនាសម្ព័ន្ធរបស់យើងកាន់តែរីកទូទាំងប្រទេស ហើយដីដែលទុកចោលនាពេលកន្លងមកបានក្លាយជាដីកសិកម្ម អីចឹង ផលិតផលកសិកម្មមានការកើនឡើងរៀងរាល់ឆ្នាំ ដែលថ្នាក់នាំរាជរដ្ឋាភិបាលបានកំណត់គោលដៅយុទ្ធសាស្រ្តជាច្រើន ដូចជា ការនាំចេញអង្ករបានឱ្យបានចំនួន ១លានតោន កំណត់នាំចេញគ្រាប់ស្វាយចន្ទីរ ក៏ដូចជា នៅតំបន់សេដ្ឋកិច្ចពិសេស ដែលជាពោលទី៤ ផ្តោតសំខាន់ទៅលើផលិតផលកសិកម្មនៅខាងភូមិភាគពាយ័ព្យដែលជាប់ព្រំដែនថៃ»។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញទៀតថា ក្នុងឆ្នាំ២០២២ ការដោះដូរទំនិញទ្វេភាគីកម្ពុជា-ថៃ មានទឹកប្រាក់សរុបជាង ៤ ៦៦៤ លានដុល្លារ កើនឡើង ១៤,២ ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ កម្ពុជា នាំទំនិញទៅទីផ្សារប្រទេសថៃជាង ៨៣១លានដុល្លារ កើនឡើង ៣៤,១ ភាគរយ និងកម្ពុជានាំចូលមកវិញមានចំនួនជាង ៣៨៣២ លានដុល្លារ កើនឡើង ១០,៧ ភាគរយ៕