ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនឈរឈ្មោះពេញសិទ្ធិលេខរៀងទី១ នៅមណ្ឌលរាជធានី ភ្នំពេញ និងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញនឹងដឹកនាំក្បួនហែ បិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដែលមានអ្នកចូលរួមប្រមាណជិត៦ម៉ឺននាក់ ដោយចាប់ផ្តើមចេញពី ក្នុងបរិវេណទីធ្លាមុខសាលមហោស្រពកោះពេជ្រ និងបិទបញ្ចប់នៅតំបន់បឹងកក់ក្នុងមូលដ្ឋានខណ្ឌដូនពេញ។
នេះបើតាមការបញ្ជាក់ឲ្យដឹង ក្នុងកិច្ចប្រជុំពិភាក្សា ការងាររៀបចំក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹកថ្ងៃ អាទិត្យទី១៦ កក្កដា ២០២៣ ក្រោមវត្ដមានលោក ឃួង ស្រេង សមាជិកគណៈ កម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ដោយមានការចូលរួមពី គណៈកម្មាធិការគណបក្សខណ្ឌទាំង១៤ អង្គភាពពាក់ព័ន្ធចំណុះអោយគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នៅមន្ទីរបក្សរាជធានីភ្នំពេញ។
គណៈកម្មាធិការគណបក្សប្រជា ជនកម្ពុជារាជធានីភ្នំពេញ នឹងរៀបចំក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលមានអ្នកចូលរួមសរុបប្រមាណ៦ម៉ឺននាក់ ក្នុងចំនួននេះ មានសមាជិកាបក្ស ចាំទទួលស្វាគមន៍តាមដងផ្លូវ ប្រមាណជិត៤០០០០នាក់ លើចម្ងាយផ្លូវប្រមាណ១០គីឡូម៉ែត្រជាមួយនឹងការប្រគំតន្ត្រីចំនួន១០ទីតាំង ដោយចាប់ផ្តើមចេញដំណើរពីកោះពេជ្រ និងមកបិទបញ្ចប់នៅ ក្នុងតំបន់បឹងកក់។
លោកឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ ក៏បានណែនាំឲ្យ ប្រធានគណកម្មាធិការគណបក្សខណ្ឌ ដែលមានមូលដ្ឋានរបស់ខ្លួនស្ថិតនៅក្នុងតម្រាយផ្លូវនៃការដង្ហែរក្បួននេះ ត្រូវទទួលខុសត្រូវឲ្យ បានខ្ពស់បំផុតលើ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យនិងបរិស្ថាន ដើម្បីអោយការហែហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញនេះ ទទួលបាននូវភាពគគ្រឹក គគ្រេង ជាមួយនឹងការរក្សាបានល្អទាំងសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ៕ដោយ៖ សំរិត