ភ្នំពេញ : នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងការ បរទេស និងសហប្រតិបត្តិការ អន្តរជាតិ កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន អោយដឹងថា : លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី១២ នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធាន លោក សាឡើមសៃ កុម៉ាសិត (Mr. Saleumxay Kommasith) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទស ឡាវ និង លោកបណ្ឌិត សុបប្រាម៉ានយ៉ាម ថៃសានកា (Dr. Subrahmanyam Jaishanka) រដ្ឋមន្ត្រីការបរទេសឥណ្ឌា។
កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ក្នុង ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតាមបណ្តាប្រទេសសមាជិកមេគង្គ។ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានស្វាគមន៍ជំនួយរបស់ឥណ្ឌា តាមរយៈការអនុវត្តគម្រោងឆាប់ទទួល បានផលរបស់ខ្លួន ព្រមទាំងបានកត់សម្គាល់ថា មានគម្រោង ៧៨ ហើយ ដែលត្រូវបានបញ្ចប់ ចាប់ តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០១៥។
រដ្ឋមន្ត្រីទាំងអស់បានឯកភាពសម្រួលការអនុវត្តកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា តាមរយៈ ការធ្វើឱ្យប្រសើរឡើងនូវយន្តការប្រទេសដឹកនាំវិស័យនីមួយៗនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាការ បង្កើតឡើងនូវក្រុមប្រឹក្សាធុរកិច្ចនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ដែលនឹងផ្ដល់នូវការតម្រង់ទិស អន្តរកម្មនាពេលអនាគតលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាការពង្រីក សកម្មភាពសេដ្ឋកិច្ចតំបន់នានា។ រដ្ឋមន្ត្រីទាំងអស់ ប្ដេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការស្ដីពីការប្រើប្រាស់ និងគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព និងបានស្វាគមន៍កិច្ចសហការជាមួយគណៈកម្មការ ទន្លេមេគង្គ ដើម្បីពង្រឹងលើកិច្ចសហប្រតិបត្តិការស្ដីពីបញ្ហានានាពាក់ព័ន្ធនឹងទឹក។
លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃផ្លូវល្បឿន លឿនត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ ដើម្បីជំរុញទំនាក់ ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាងឥណ្ឌា និងបណ្ដាប្រទេសមេគង្គ និងបានវាយតម្លៃខ្ពស់ពីការប្តេជ្ញាចិត្ត របស់ឥណ្ឌាចំពោះការពង្រីកការតភ្ជាប់ភាគខាងកើតឆ្ពោះមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។ ការសាងសង់នូវផ្លូវល្បឿនលឿននេះ ក៏ជាការតភ្ជាប់ផងដែរ ទៅនឹងផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ និងគោលនយោបាយឆ្ពោះមកទិសខាងកើតរបស់ឥណ្ឌា ដែលគោលនយោបាយទាំង ពីរនេះ មានគោលបំណងធ្វើឱ្យកាន់តែប្រសើរនូវការតភ្ជាប់ក្នុងតំបន់។ លោកបណ្ឌិតសភាចារ្យ បានចង្អុលបង្ហាញទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាគួរតែផ្តោតសំខាន់លើបរិវត្តកម្ម ឌីជីថល បដិវត្តន៍បៃតង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
កិច្ចប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-គង្គាលើកទី១២ ភ្ជាប់ជាមួយនឹងឧបសម្ព័ន្ធចំនួនពីររួមមាន៖ ទស្សនាទានស្តីពី យន្តការប្រទេសដឹកនាំ វិស័យ និងក្រុមប្រឹក្សាធុរកិច្ចនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា៕
ដោយ : សិលា