ភ្នំពេញ : ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិអ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើនថ្កានលើគ្រប់វិស័យ។
ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិ ប្រជាធិបតេយ្យ សេរី ពហុបក្ស។ ដូចនេះ សូមកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាម កំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ។
ខ្ញុំ សូមជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈ របស់ ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយដោយសេរី។
សូម ជនរួមជាតិទាំងអស់ ប្រកបតែនឹងព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ព្រមទាំងមេត្តាទទួលនូវសេចក្ដីគោរពស្នេហាដ៏ជ្រាលជ្រៅជាទីបំផុត អំពីខ្ញុំ ៕
ដោយ : សិលា