ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងប្រមាណ៣៥០គ្រឿងដើម្បីសម្រួលក្នុងការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិតនិងប្រជាពលរដ្ឋទៅតាមបណ្តាខេត្តអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំ ត្រៀមរៀបកម្លាំងជាមុន នៅសាលារាជធានភ្នំពេញកាលពីរសៀលថ្ងៃទី១៨
កក្ដដា ឆ្នាំ២០២៣ ។
លោកហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ត្រូវសហការឱ្យបានល្អជាមួយបណ្ដារោងចក្រ នានាក្នុងទឹកដីរបស់ខ្លួនដើម្បីសម្រួល
ការងារនេះឱ្យទទួលបានជោគជ័យ ទៅតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិតនិងប្រជាពលរដ្ឋបានទៅស្រុកកំណើត ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងប្រមាណ ៣៥០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដោយបានបែងចែងជា១០ទីតាំងនៅក្នុងរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងប្រមាណ៣៥០គ្រឿងដើម្បីដឹកជញ្ជូនបងប្អូនកម្មករ និយោជិតនិងប្រជាពលរដ្ឋទៅស្រុកកំណើត ដើម្បីអោយពួកគាត់បានទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។
ដូច្នេះ លោកជំរុញឱ្យមន្ត្រីពាក់ព័ន្ធដែលអនុវត្តការងារនេះត្រូវបំពេញការងារនេះអោយបានល្អជាមួយនឹងការបើកបរដោយការប្រុងប្រយ័ត្នដើម្បីធានាសុវត្តិភាពជូនពួកគាត់ទាំងទៅនិងមកភ្នំពេញវិញ ។ ត្រូវដឹកជញ្ជូនពួកគាត់ដោយមិនមានការរើសអើង ។ ចំពោះអាជ្ញាធរខណ្ឌដែលមានចំណតនៅក្នុងមួលដ្ឋានរបស់ខ្លួនត្រូវចុះពិនិត្យនិងសម្រួលលើការងារនេះជាមួយនឹងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់អោយបានល្អប្រសើរ៕ដោយសំរិត