ភ្នំពេញ៖ លោក ឡែមផូរ សុថាវរិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករកម្ពុជា បានលើកឡើងថា៖ កន្លងមកកម្ពុជា និងចិនបានធ្វើការប្រជុំពិភាក្សាគ្នាលើការវិនិយោគផលិតផលជលផលកម្ពុជា ហើយភាគីចិនក៏បានអនុញ្ញាតឱ្យកម្ពុជានាំចេញសត្វរស់ក្នុងទឹកចំនួន៤ប្រភេទចូលទៅទីផ្សារចិនដូចជា៖ បង្កងប៉ាក (Oratosquilla) អន្ទង់ (Monopterus) ត្រីដំរី (Monopterus)និង ខ្យង (Chicoreus)។ ប៉ុន្តែការនាំចេញផលិតផលជលផលទាំង៤ប្រភេទនេះនៅតែជួបឧបសគ្គព្រោះកម្ពុជាមិនធ្លាប់មានបទពិសោធន៍ក្នុងការចិញ្ចឹមសត្វរស់ក្នុងទឹកទាំង៤ប្រភេទនេះក្នុងទ្រង់ទ្រាយធំឡើយ គឺធ្លាប់តែចិញ្ចឹមក្នុងទ្រង់ទ្រាយតូចសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកតែប៉ណ្ណោះ។ ដូចនេះបើការចិញ្ចឹមសម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេសគឺកម្ពុជានៅខ្វះបច្ចេកទេស ដើមទុន និងត្រូវចំណាយពេលយូរជាដើម។
ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករកម្ពុជារូបនេះ បានថ្លែងបន្តថា សត្វរស់ក្នុងទឹកទាំង៤ប្រភេទដែលទីផ្សារចិនកំពុងត្រូវការនាំចូលពីកម្ពុជានាពេលនេះ គឺសុទ្ធតែជាប្រភេទសត្វដែលមានភាពលំបាកក្នុងការចិញ្ចឹមក្នុងទ្រង់ទ្រាយធំ ព្រោះកន្លងមកកម្ពុជាធ្លាប់ចិញ្ចឹមសត្វទាំងនេះក្នុងទ្រង់ទ្រាយតូចឬចិញ្ចឹមលក្ខណៈគ្រួសារតែប៉ុណ្ណោះ ដូចនេះបើចិញ្ចឹមក្នុងទ្រង់ទ្រាយធំគឺកម្ពុជានៅខ្វះខាតបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និងការចំណាយពេលយូរជាដើម។
បន្ថែមពីនេះ លោក ឡែមផូរ សុថាវរិទ្ធ បានសង្កត់ធ្ងន់ថា ក្រៅពីផលិតផលជលផលទាំង៤ប្រភេទនេះ កន្លងមកកម្ពុជា អាចមានលទ្ធភាពនិងបច្ចេកទេសគ្រប់គ្រាន់ក្នុងការចិញ្ចឹម និងនាំចេញប្រភេទត្រីក្រាញ់ ត្រីពោ ត្រីប្រា ត្រីឆ្ដោ ត្រីអណ្តែង ទៅប្រទេសថៃនិងវៀតណាម ជាពិសេសអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់។ ប៉ុន្តែប្រភេទត្រីទាំងនេះគឺប្រទេសចិនមិនចង់នាំចូលទេ ព្រោះប្រទេសចិនអាចចិញ្ចឹមត្រីប្រភេទទាំងនេះសម្រាប់ផ្គត់ផ្គង់ទីផ្សារខ្លួនបាន។
លោកបញ្ជាក់ថា ដូចនេះបើចិនចង់នាំចូលសត្វរស់ក្នុងទឹកទាំង៤ប្រភេទនេះពីកម្ពុជា លុះត្រាតែចិនត្រូវសហការជាមួយកម្ពុជាលើការវិនិយោគលើការចិញ្ចឹមសត្វរស់ទាំង៤ប្រភេទនេះនៅកម្ពុជាដែលរួមមានទាំងបច្ចេកទេស និងដើមទុន ទើបកម្ពុជាអាចមានលទ្ធភាពនាំចេញទៅចិនវិញបានតាមតម្រូវការទីផ្សារប្រទេសចិន។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានគយនៃប្រទេសចិន បានសម្រេចអនុញ្ញាតឱ្យកម្ពុជាអាចនាំចូលសត្វរស់នៅក្នុងទឹកចំនួន៤ប្រភេទទៅកាន់ទីផ្សារនៃប្រទេសចិន។ដូច្នេះចាប់ពីពេលនេះទៅកម្ពុជាអាចនាំចេញនូវទាំង ៤ ប្រភេទទៅកាន់ទីផ្សារប្រទេសចិនបានហើយ។ ក្រោមការជួយជម្រុញគាំទ្ររបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា មានក្រុមហ៊ុនប្រកបរបរនាំចេញសត្វរស់ក្នុងទឹករបស់កម្ពុជាចំនួន២ បានចុះបញ្ជីដោយជោគជ័យជាមួយអគ្គនាយកដ្ឋានគយនៃប្រទេសចិន ហើយក្រុមហ៊ុនទាំងនេះអាចនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនផងដែរ៕ដោយ៖សហការី