ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃពុធទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ចុងសប្ដាហ៍ទី២ នៃខែកក្កដា ឆ្នាំ២០២៣នេះ ទទួលបានភ្ញៀវជិត៣០ម៉ឺននាក់ ពោលគឺ(ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៣) កន្លងមក។
ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ភ្ញៀវទេសចរណ៍សរុបមានចំនួន ២៩៦,០០៥នាក់ ក្នុងនោះភ្ញៀវជាតិ ២៥៩,៤៤១នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ៣៦,៥៦៤នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៦៦,៥៥៧នាក់
* ខេត្តបាត់ដំបង ៣៥,៦៦៤នាក់
* រាជធានីភ្នំពេញ ៣៣,២១១នាក់
* ខេត្តកំពត ២៧,៦៧៥នាក់
* ខេត្តសៀមរាប ២២,៥៣៥នាក់
* ខេត្តកំពង់ស្ពឺ ១៤,២៥៣នាក់
* ខេត្តពោធិ៍សាត់ ១១,២៧៧នាក់
* ខេត្តកែប ១១,០៧៦នាក់។
ចំនួនភ្ញៀវទេសចរខាងលើ មានការកើនឡើងប្រមាណ ៣.១៥% ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះភ្ញៀវជាតិ កើនឡើង ៣.៤% និងភ្ញៀវអន្តរជាតិ កើនឡើង ១.៣៦%។
តាមការសង្កេតរបស់មន្ទីរទេសចរណ៍ ភ្ញៀវទេសចរភាគច្រើនក្នុងសប្តាហ៍កន្លងមក ជាភ្ញៀវក្នុងខេត្តផ្ទាល់ ដោយសារមន្រ្តីរាជការ និងប្រជាពលរដ្ឋដែលជាថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជាដែលនៅភ្នំពេញ បន្តជាប់រវល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតតាមមូលដ្ឋានរបស់ខ្លួន ខណៈដែលចរន្តភ្ញៀវទេសចរអន្តរជាតិដែលដើរកម្សាន្តផ្ទៃក្នុងប្រទេស នៅតែមានការកើនឡើង ស្របពេលការបោះឆ្នោតថ្នាក់ជាតិកាន់តែកៀកមកដល់៕ ដោយ៖សហការី