ភ្នំពេញ : ល្បិចកលទុច្ចរិត និងទំនាក់ទំនងរបស់ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់និងបក្សភ្លើងទៀនក្នុងការបំផ្លាញសុខសន្តិភាព ការផ្តួលរំលំរាជរដ្ឋាភិបាលកាន់តែបង្ហាញច្បាស់ហើយនៅពេលនេះ! ពលរដ្ឋខ្មែរនៅចាំថា តាមរយៈកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ២៧ មេសាឆ្នាំ២០២៣ ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី បានថ្លែងអំពាវនាវឱ្យពលករខ្មែរប្រមាណ ២ លាននាក់នៅប្រទេសថៃធ្វើដំណើរជាមួយខ្លួនចូលកម្ពុជាតាមច្រកប៉ោយប៉ែត និងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ងើបឈរឡើង កម្លាំងប្រដាប់អាវុធទាំងអស់កុំស្តាប់បញ្ជារដ្ឋាភិបាល។ ទណ្ឌិតសម រង្ស៊ីលើកឡើងថា «ប្រជាពលរដ្ឋចាំយូរណាស់ហើយ ចាំតែឱកាស ចាំតែមេ ឥឡូវឱកាសមកដល់ហើយ មេមកដល់ហើយ សូមបងប្អូនជនរួមជាតិងើបទាំងអស់គ្នា នឹងនាំមកនូវការផ្លាស់ប្តូរនៅឆ្នាំ២០២៣នេះ»។ បន្តពីការប្រកាសនេះ នៅពេលនេះ ផែនការឧបឃាតផ្តួលរំលំរដ្ឋាភិបាលរបស់មេក្បត់ជាតិ សម រង្ស៊ី បាននិងកំពុងសកម្មខ្លាំងជាមួយការញុះញង់ប្រជាពលរដ្ឋទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតចោលនាថ្ងៃបោះឆ្នោត ២៣ កក្កដា ខាងមុខនេះ។
យុទ្ធនាការបំផ្លាញលទ្ធិប្រជាធិបតេយ្យដឹកនាំដោយទណ្ឌិត សម រង្ស៊ី ត្រូវបង់ថ្លៃនៅចំពោះមុខច្បាប់។ តាមចម្លើយសារភាព និងភស្តុតាងមុខ
សញ្ញាសង្ស័យ ដែលមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួន ៤ នាក់ បានសារភាពក្រោយសមត្ថកិច្ចចាប់ខ្លួនថា «ការញុះញង់ឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គូសបំផ្លាញសន្លឹកឆ្នោតនោះ គឺធ្វើតាមការបង្គាប់បញ្ជារបស់ ទណ្ឌិត សម រង្ស៉ី និងក្រុមបក្សពួកនៅក្រៅប្រទេស»។ តើមានអាថ៌កំបាំងអ្វីខ្លះដែលទាក់ទងរវាងគណបក្សភ្លើងទៀន និងការបញ្ជាពីក្រៅប្រទេសរបស់ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី និងមេក្លោងផ្សេងទៀត?
សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ភស្តុតាងមាននៅក្នុងដៃសមត្ថកិច្ចអស់ហើយអំពីការបញ្ជារបស់ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី តាំងពីការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នាខែមិថុនា ឆ្នាំ២០២២ មកម្ល៉េះ ដែលពេលនោះទណ្ឌិត សម រង្ស៊ី បានប្រកាសពីសេណារីយ៉ូ៣ ដែលបក្សភ្លើងទៀនត្រៀមទទួលយកលទ្ធផល ឬ មិនព្រមទទួលយកលទ្ធផលនៃការបោះឆ្នោត គឺសេណារីយ៉ូទី១ ក្នុងករណី គណបក្សភ្លើងទៀនទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ក្រោម ១០០០ នោះគណបក្សភ្លើងទៀននឹងធ្វើមហាបាតុកម្មតវ៉ា។ ទី២ បើបក្សភ្លើងទៀនទទួលបានអាសនៈច្រើនជាង ២០០០ គឺនៅតែសម្តែងការតវ៉ាផង និងយល់ព្រមទទួលយកផង និងទី៣ បើលទ្ធផលទទួលបានអាសនៈលើ ៣០០០ ឡើងទៅ គឺគណបក្សភ្លើងទៀនពុំមានប្រតិកម្មអ្វីទាំងអស់។
ភស្តុតាងមួយទៀត គឺទណ្ឌិត ហូរ វ៉ាន់ បានដាក់បញ្ជាឱ្យមន្ត្រីនៃគណបក្សភ្លើងទៀននិងសកម្មជនធ្វើសកម្មភាពប្រមូលផ្តុំនៅតាមការិយាល័យ បោះឆ្នោត និងអុកឡុកដំណើរការរាប់សន្លឹកឆ្នោតឱ្យដូចកាលពីការបោះឆ្នោតឆ្នាំ២០១៣ នៅស្ទឹងមានជ័យ និងផ្លូវ វ៉េង ស្រេង ដើម្បីបង្កចលាចល និងបង្កើតឡើងនូវឱកាសបង្កហិង្សា បញ្ឆេះកំហឹងប្រជាពលរដ្ឋ។ ជាមួយគ្នានេះ នៅតាមគ្រប់វេទិកាជួបជុំសមាជិកគណបក្សភ្លើងទៀនថ្នាក់ដឹកនាំនៃបក្សនេះ តែងតែរំឭកឡើងអពីប្រវត្តិគណបក្សភ្លើងទៀនដែលត្រូវបាន សម រង្ស៊ី បង្កើតឡើងដោយមានឈ្មោះដើមថាគណបក្សជាតិខ្មែរ និងប្តូរឈ្មោះមកគណបក្ស សម រង្ស៊ី។ ក្រោយពីរួមបញ្ចូលជាមួយគ្នាជាមួយគណបក្សសិទ្ធិមនុស្សរបស់ កឹម សុខា បង្កើតគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១២ គណបក្ស សម រង្ស៊ី បានប្តូរឈ្មោះមកគណបក្សភ្លើងទៀនដែលមនុស្សទូទៅដឹងថា សម រង្ស៊ី នៅតែបន្តដឹកនាំគ្រប់គ្រងនិងបញ្ជាបក្សនេះដដែល ទោះបីជាប្រធានបក្សនេះមិនមែនជាទណ្ឌិត សម រង្ស៊ី ក្តី។
ការដែលមិនបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ក៏ជាមូលហេតុ ទាក់ទងនឹងផែនការទុច្ចរិតរបស់ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ផងដែរ ដោយប្រើឧបាយកលយកប្រជាធិបតេយ្យបំផ្លាញប្រជាធិបតេយ្យ «ខ្ចីដៃបរទស មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា រិះគន់វាយប្រហារដាក់សម្ពាធទណ្ឌកម្មមកលើរាជរដ្ឋាភិបាលដែលចេញពីការបោះឆ្នោតដោយត្រឹមត្រូវ យុត្តិធម៌និងស្របច្បាប់ ដែលជះឥទ្ធិពលដល់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ» និងដោយស្របតាមការមិនចុះសម្រុងផ្ទៃក្នុងរបស់មេដឹកនាំនៅក្រៅប្រទេស និងក្នុងប្រទេស ទើបលិខិតប្រកាសលេខ៩៣ ស្តីពីការទទួលស្គាល់គណបក្ស សម រង្ស៊ី ឬ គណបក្សភ្លើងទៀនត្រូវបានបាត់គ្មានមូលហេតុច្បាស់លាស់។
ថ្នាក់ដឹកនាំនិងសមាជិកសមាជិកគណបក្សភ្លើងទៀនកាន់តែបែកបាក់ផ្ទៃក្នុងខ្លាំង ដោយក្រុមខ្លះបានដើរតាមទណ្ឌិត សម រង្ស៊ី និងមួយចំនួនមិនដើរតាមទណ្ឌិត សម រង្ស៊ី។ ពេលនេះ បក្សភ្លើងទៀនមិនបានចូលរួមក្នុងការបោះឆ្នោត គឺស្របនឹងផែនការផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមេគំនិតគឺទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ព្រោះក្រុមជនក្បត់ជាតិនេះជឿថា ទោះបីជាចូលរួមការបោះឆ្នោតក៏មិនអាចនឹងដណ្តើមជ័យជម្នះពីគណបក្សប្រជាជនកម្ពុជាបានដែរ។ ដូច្នេះ មានតែធ្វើយ៉ាងណានៅក្រៅឆាក និងបង្កការអុកឡុក។ អុកឡុកទាំងក្នុងឧបាយកលផ្តួលរំលំរដ្ឋាភិបាល បង្កចលាចល ញុះញង់ប្រជាពលរដ្ឋឱ្យបំផ្លាញការបោះឆ្នោតតាមរយៈការគូសសន្លឹកឆ្នោតចោល។
នៅក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ទណ្ឌិត សម រង្ស៊ី បានអះអាងថាអ្នកដែលទៅបោះឆ្នោត ហើយគូសសន្លឹកឆ្នោតចោល គឺគាំទ្រការអំពាវនាវរបស់ខ្លួន ហើយខ្លួនគេនឹងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញដើម្បីដឹកនាំប្រជាពលរដ្ឋផ្តួលរំលំរដ្ឋាភិបាល និងបានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់។ នេះមិនមែនជាការគាំទ្រដំណើរការប្រជាធិបតេយ្យនៅកម្ពុជាឡើយ តែជាផែនការធ្វើឧបឃាតផ្តួលរំលំរាជរដ្ឋាភិបាលដោយប្រើប្រាស់អំណាចប្រជាពលរដ្ឋតាមវិធីសាស្ត្របដិវត្តន៍ពណ៌។
ក្នុងផែនការនេះ ក៏មានការរៀបចំសេណារីយ៉ូរបស់ជនបរទេសដើម្បីចូលរួមអនុវត្តផែនការរបស់ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់សម រង្ស៊ីដែរ ដើម្បីមួលបង្កាច់សភាពការណ៍ ធ្វើឱ្យសាធារណមតិយល់ច្រឡំ ក្នុងគោលដៅច្រើនយ៉ាងជាពិសេសបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួន។ យោងតាមព័ត៌មានសម្ងាត់ដែលបែកធ្លាយពីក្រុមអង្គការសង្គមស៊ីវិល, មន្ត្រីរបស់អង្គការវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) និងមន្ត្រីអង្គការវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដឹកនាំកិច្ចប្រជុំជាមួយសង្គមស៊ីវិលក្នុងស្រុករួមមានអង្គការអាដហុក Adhoc, អង្គការសង់ត្រាល់របស់ មឿន តុលា, អង្គការខុមហ្វ្រែលជាដើមក្នុងគោលបំណងរៀបចំយុទ្ធសាស្ត្របន្ថែមដល់អង្គការទាំងនេះក្នុងការអុកឡុកការបោះឆ្នោត ដោយពួកគេបានរៀបចំដាក់អ្នកសង្កេតការណ៍នៅតាមការិល័យបោះឆ្នោតនានានៅទូទាំងប្រទសដើម្បីអនុវត្តផែនការក្នុងនោះអង្គការខុមហ្វ្រែលរបស់ គល់ បញ្ញា ដែលទទួលការគាំទ្រលុយពីអង្គការបណ្តាញអាស៊ីដើម្បីបោះឆ្នោតសេរី (ANFREL) គ្រោងដាក់អ្នកសង្កេតការណ៍ជាង ៥០០០ នាក់។ ។ ជាមួយគ្នានេះ អង្គការអន្តរជាតិ នានានៅក្រៅប្រទេសដូចជា CIVICUS monitor, Human Rights Watch, Amnesty International រួមនឹងប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រថវិកាដោយបរទេស និងអ្នកកាសែតបរទេសមួយចំនួន ចាំបន្ទរតាមដើម្បីបង្កើតឱ្យមានភាពស្រអាប់ និងលាបពណ៌ថាការបោះឆ្នោតក្លែងក្លាយ មិនសេរី មិនយុត្តិធម៌ មានការគំរាមកំហែងជាដើមស្របតាមផែនការកំណត់។
ចំពោះមុខនៃការគំរាមកំហែងលើសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរបស់ជាតិនេះ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា យុទ្ធនាការញុះញង់ឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោលនេះមានអង្គការចាត់តាំងច្បាស់លាស់ ដែលមានទំនាក់ទំនងគ្នាប្រទាក់ក្រឡាទាំងនៅក្រៅ និងក្នុងប្រទេសដឹកនាំដោយទណ្ឌិត សម រង្ស៉ី។ មន្ត្រីជាន់ខ្ពស់រូបនេះបានថ្លែងថា អ្នកទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតចោលជាការចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យជាមួយក្រុមជនក្បត់ជាតិ និងចូលរួមគាំទ្រផែនការធ្វើឧបឃាតផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្តែអ្នកដែលអញ្ជើញទៅបោះឆ្នោតនិងគូសសន្លឹកឆ្នោតត្រឹមត្រូវ គឺចូលរួមការពារនិងគាំទ្រលទ្ធិប្រជាធិបតេយ្យ។
ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានលើកឡើងពីចំណងផ្លូវច្បាប់ទាក់ទងនឹងគណបក្សភ្លើងទៀនដែលមានការពាក់ព័ន្ធនឹងទណ្ឌិត សម រង្ស៊ីថា យោងតាមចម្លើយសារភាព របស់មេដឹកនាំសកម្មជនគណបក្សភ្លើងទៀន ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បានបញ្ជាក់ថា ការញុះញង់ឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គូសបំផ្លាញសន្លឹកឆ្នោតនោះ គឺធ្វើតាមការបង្គាប់បញ្ជារបស់ ទណ្ឌិត សម រង្ស៉ី និងបក្សពួក នៅក្រៅប្រទេស។ នេះបញ្ជាក់ឱ្យឃើញថា គណបក្សភ្លើងទៀន អាចមានជាប់ទាក់ទង និងធ្វើតាមការបង្គាប់បញ្ជារបស់ទណ្ឌិត សម រង្ស៉ី ដែលនេះ ជាអំពើល្មើសទៅនឹងច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា ៦ ថ្មី (ពីរ) ហើយដែលអាចនាំឱ្យគណបក្សភ្លើងទៀននេះ ប្រឈមមុខនឹងទោសទណ្ឌតាមបញ្ញត្តិច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា៤៤ ថ្មី (ពីរ) រួមទាំងទោសព្រហ្មទណ្ឌផ្សេងទៀតផងដែរ។
ដោយសារតែទង្វើល្មើសច្បាប់ហេតុនេះហើយបានជាសមត្ថកិច្ចមានភាពចាំបាច់បំផុតក្នុងការវែកមុខ និងបានរកឃើញថាថ្នាក់ដឹកនាំក្នុងបក្សភ្លើងទៀនដែលដើរតាមទណ្ឌិតសម រង្ស៊ី បានទទួលនិងអនុវត្តផែនការទុច្ចរិតបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងផែនការឧបឃាតផ្តួលរំលំរដ្ឋាភិបាល។ តើគណបក្សភ្លើងទៀននឹងប្រឈមមុខយ៉ាងណានៅពេលខាងមុខ? ចំណែកជនបរទេស កុំមកលូកលាន់ក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា និងកុំយកព័ត៌មានតែមួយជ្រុងមកវាយប្រហារលើកម្ពុជាលុះដោយអគតិ ត្រូវឈរនៅលើការពិតជាក់ស្តែង ត្រឹមត្រូវ។ តាមពិតបញ្ហាទាំងអស់សុទ្ធតែកើតចេញពីជម្លោះផ្ទៃក្នុងរបស់បក្សភ្លើងទៀន និងសម រង្ស៊ី ប៉ុន្តែពួកគេបានយកការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងយកសិទ្ធិនិងការសម្រេចរបស់ប្រជាពលរដ្ឋមកធ្វើជាចំណាប់ខ្មាំង និងញុះញង់ឱ្យពលរដ្ឋបំផ្លាញសន្លឹកឆ្នោតចោលដើម្បីបំពេញមហិច្ឆតាអំណាចដ៏ឆ្កួតលីលារបស់ខ្លួន៕
ទស្សនៈចៅចាក់ស្មុគ