ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនឈរឈ្មោះតំណាង រាស្រ្ដ មណ្ឌលភ្នំពេញ លេខរៀងទី១របស់គណបក្សប្រជាជនកម្ពុជា និងលោក ឃួង ស្រេង សមាជិកគណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា ជិត៤ម៉ឺននាក់ ហែក្បួនឃោសនារកសម្លេងឆ្នោត បិទវគ្គ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ កក្កដា២០២៣ ដោយហែចេញពី កោះពេជ្រ មកបញ្ចប់នៅ តំបន់បឹងកក់ ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងថា ៖ នៅថ្ងៃទី២៣. កក្កដា ឆ្នាំ២០២៣ លោក សូមអំពាវនាវ ឲ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នា គឺបោះឆ្នោតជូន គណបក្សដែលមានរូប ទេវតាបាចផ្កា នៅលេខរៀងទី១៨នៃសន្លឹកឆ្នោត។
លោក ក៏បានធ្វើការផ្ដាំផ្ញើ អោយបងប្អូនប្រជាពលរដ្ឋដែលជាកងទ័ពទេវតាទាំងអស់ បន្តប្រកាន់ភ្ជាប់នៅច្បាប់បោះឆ្នោត នីតិវិធីនិងគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ ជ ប) ដើម្បីរួមគ្នាយកជ័យជំនះ នៅក្នុងការបោះឆ្នោតនេះដោយភាពថ្លៃថ្នូរ។ សូមកុំពិសារគ្រឿងស្រវឹងនិងចែកចាយគ្រឿងស្រវឹង នៅថ្ងៃទី២២និងទី២៣ខែកក្កដា ដែលមានចែងនៅក្នុងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល។
លោកក៏បានសូមឱ្យបងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិកាគណបក្សទាំងអស់ ត្រៀមអត្តសញ្ញាណប័ណ្ណ និងឯកសារពាក់ព័ន្ធ ដើម្បីទៅបោះឆ្នោតនៅថ្ងៃទី២៣កក្កដា ២០២៣ ទាំងអស់គ្នានិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូប ទេវតាបាចផ្កា នៅលេខរៀងទី១៨នៃសន្លឹកឆ្នោត។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានគាំទ្រយ៉ាងច្រើនរើសលប់ ចំពោះសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជន បើប្រៀបធៀបកាលពីពេលមុន ។ សម្រាប់អាណត្តិនេះ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញក៏ដូចជាប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនានា បាន ចូលរួមសកម្មភាពជាមួយគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើន និងលើសលប់ ។ គណបក្សប្រជាជនកម្ពុជាមានចំណុចពិសេសមួយដែលគណៈបក្សផ្សេងៗទៀតមិនអាចធ្វើបាន។ គណបក្សប្រជាជនកម្ពុជា ជាមហាគ្រួសារមួយ ធ្វើដើម្បីប្រជាជន អ្វីៗដើម្បីប្រជាជន និងកើតចេញពីប្រជាជន។ ពិសេសបាននាំមកនូវសុខសន្តិភាពជូនប្រជាជន ដែលប្រជាជនកម្ពុជាបានបាត់បង់ជាច្រើនសតវត្សមកហើយ។
លោកបន្តថា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានដាក់ចេញជាគោលនយោបាយច្បាស់លាស់នោះ គឺប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា នៅថ្ងៃទី២៣ កក្កដាឆ្នាំ២០២៣ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាមានឱកាសក្នុងការដឹកនាំប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើន និងគាំទ្របេក្ខភាព លោក បណ្ធិត ហ៊ុនម៉ា ណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត។
គួរបញ្ជាក់ថា៖ នៅថ្ងៃទី២១ កក្កដា២០២៣ ក្បួនហែបានចេញពីកោះពេជ្រនៅវេលាម៉ោង ៧ និង ៣០នាទី ឆ្ពោះទៅរង្វង់មូលសម្តេច សង្ឃជួនណាត បត់ស្តាំចូលតិរវិថីព្រះស៊ីសុវត្ថិ បត់ឆ្វេងចូលផ្លូវលេខ ១០៦។ បន្ទាប់មកក្បួនបាន ចាប់ ផ្ដើមបំបែកជា ២ ក្នុងនោះ ក្បួនទី ១ ធ្វើដំណើរបន្តដោយបត់ឆ្វេងចូលផ្លូវលេខ ១៩ បត់ស្តាំ ចូលផ្លូវលេខ ១៣០។ បន្ទាប់មកបត់ឆ្វេងចូលផ្លូវប៉ាស្ទ័រ (ផ្លូវលេខ ៥១) រួចបត់ឆ្វេងចូលផ្លូវលេខ ២១៤ បត់ស្តាំចូលផ្លូវសុកហុក (ផ្លូវលេខ ១០៧) បត់ឆ្វេងចូលមហាវិថីហ្សាដឺហ្គោល (ផ្លូវលេខ ២១៧) ឆ្ពោះទៅស្តុបនាងគង្ហីង។បន្ទាប់មកបត់ស្តាំចូលមហាវិថីឆេកូស្លូវ៉ាគី (ផ្លូវលេខ ១៦៩) ឆ្ពោះទៅស្តុបក្តាន់ពីរ និងបន្តដំណើរចូលតំបន់បឹងកក់។ ក្បួនទី ២ បន្តដំណើរត្រង់តាមផ្លូវលេខ ១០៦ ឆ្ពោះទៅតំបន់បឹងកក់ ដោយឆ្លងកាត់មុខស្ថានីយអយស្ម័យយានភ្នំពេញ រហូតដល់ទីតាំងជួបជុំ ដោយមានសមាជិកា -សមាជិកាគណបក្សបក្សប្រជាជនកម្ពុជា ចាំទទួលស្វាគមន៍តាមដងផ្លូវ មានចំនួនជិត៤០,០០០នាក់។ បន្ទាប់មកសមាជិក-សមាជិកា នៃក្បួនទាំងពីរបានមកជួបជុំគ្នានៅមុខឆាកប្រគំតន្ត្រី ស្ថិតក្នុងតំបន់បឹងកក់រួចទើបរំសាយតែម្តង៕ដោយ៖សំរិត