កីឡាករ Jordi Alba បានចូលរួមជាមួយអតីតមិត្តរួមក្រុម Barcelona ខ្សែប្រយុទ្ធ Lionel Messi និង Sergio Busquets នៅក្លិបអាមេរិក Inter Miami។ ខ្សែការពារសញ្ជាតិអេស្ប៉ាញវ័យ៣៤ឆ្នាំរូបនេះបានចុះកិច្ចសន្យារហូតដល់ចុងបញ្ចប់នៃរដូវកាល២០២៤នៅក្រុមនៃលីក Major League Soccer ជាមួយនឹងជម្រើសក្លិបសម្រាប់ឆ្នាំ២០២៥។
Alba បានចាកចេញពី Barcelona នៅរដូវក្តៅនេះបន្ទាប់ពីរយៈពេល១១ឆ្នាំជាមួយក្លិបយក្សអេស្ប៉ាញ។ លោក Chris Henderson នាយកផ្នែកកីឡារបស់ក្លិប Inter Miami បាននិយាយថា “យើងដឹងថាគាត់នឹងជួយ Inter Miami ឱ្យសម្រេចបាននូវគោលបំណងរបស់ក្លឹបនៅរដូវកាលនេះ និងលើសពីនេះ“។
Alba បានជួយ Barcelona ឈ្នះជើងឯក La Liga ៦ដង និង Champions League ក្នុងឆ្នាំ២០១៥ ខណៈពេលដែលឈ្នះ Euro 2012 និង Nations League ឆ្នាំ២០២៣ ជាមួយអេស្ប៉ាញ។
ម្ចាស់ជើងឯក World Cup របស់អាហ្សង់ទីន Messi អាយុ៣៦ឆ្នាំ និងមិត្តរួមជាតិរបស់ Alba Busquets អាយុ៣៥ឆ្នាំបានប្តូរទៅMajor League Soccer របស់សហរដ្ឋអាមេរិករួចហើយ។ Messi និង Busquets ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០២៥ ត្រូវបានបង្ហាញដល់ហ្វូងអ្នកគាំទ្រ Inter Miami ប្រមាណ២០,០០០នាក់នៅឯកីឡដ្ឋាន DRV PNK របស់ក្លិបកាលពីថ្ងៃអាទិត្យ អមដោយសហម្ចាស់ និងអតីតប្រធានក្រុមអង់គ្លេសលោក David Beckham។
Messi ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាល Messi បានហ្វឹកហាត់ជាមួយមិត្តរួមក្រុម Miami ជាលើកដំបូងកាលពីថ្ងៃអង្គារ ហើយត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតបើកឆាក Leagues Cup ទល់នឹង Cruz Azul នៃទីក្រុង Mexico City នៅថ្ងៃសុក្រនេះ។
Alba ដែលបានលេង៤៥៩ប្រកួតឱ្យ Barcelona និងមាន៩៣ប្រកួតនៅអេស្ប៉ាញ គួរតែអាចរកបានដើម្បីប៉ះ Atlanta United នៅថ្ងៃ ថ្ងៃពុធក្រោយ។ លោក Henderson បានបន្ថែមថា “Jordi Alba គឺជាកីឡាករដែលសម្រេចបានភាពស្វាហាប់ និងមានបទពិសោធន៍ ដែលយើងរំភើបក្នុងការទទួលបាន ដើម្បីបន្តពង្រឹងក្រុមរបស់យើង។ គាត់បានបង្ហាញឱ្យឃើញអស់រយៈពេលជាងមួយទស្សវត្សរ៍ថា គាត់គឺជាខ្សែការពារដ៏ល្អបំផុតម្នាក់នៅក្នុងកីឡាដោយសារតែភាពរឹងមាំនៃខ្សែការពាររបស់គាត់ និងសមត្ថភាពដើម្បីរួមចំណែកក្នុងការរកគ្រាប់បាល់” ។
Alba នៅសល់កុងត្រាមួយឆ្នាំទៀតជាមួយ Barcelona ដែលគាត់បានចូលរួមពី Valencia ក្នុងឆ្នាំ២០១២ ប៉ុន្តែពួកគេបានយល់ព្រមដោះលែងគាត់ក្នុងខែឧសភា។ ទន្ទឹមនឹងនេះដែរ របាយការណ៍របស់សហរដ្ឋអាមេរិកបានភ្ជាប់ Inter Miami ជាមួយនឹងអតីតកីឡាករBarcelona ម្នាក់ទៀតគឺខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយវ័យ៣៦ឆ្នាំ Luis Suarez ដែលបច្ចុប្បន្នកំពុងលេងឱ្យក្លឹបប្រេស៊ីល Gremio ។
អតីតខ្សែប្រយុទ្ធ Liverpool រូបនេះបានលេងជាមួយ Messi, Busquets និង Alba ក្នុងអំឡុងពេលប្រាំមួយរដូវកាលនៅ Nou Camp ចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០២០។ ប្រធានក្លិប Inter Miami លោក Jorge Mas បាននិយាយកាលពីថ្ងៃអង្គារថា “យើងមិនបានពិភាក្សាដោយផ្ទាល់ជាមួយ Gremio ឬជាមួយ Suarez ទេ។ ខ្ញុំមិនដឹងថាតើ Luis Suarez អាចចាកចេញពី Gremio យ៉ាងដូចម្តេចនោះទេ ប៉ុន្តែប្រសិនបើគាត់ធ្វើ យើងមានសេរីភាពក្នុងការនិយាយជាមួយ Luis Suarez ហើយនាំគាត់ទៅ Inter Miami ដែលលទ្ធភាពនឹងមាននៅទីនោះ” ៕ (រូបភាព ៖ BBC Sport)