សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា គណបក្ស Move Forward ដែលជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលថៃ កាលពីខែឧសភាបានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួននឹងផ្តល់តួនាទីឱ្យគណបក្សភឿថៃ (Pheu Thai) ដែលឈ្នះបានអាសនៈច្រើនជាងគេទី២ក្នុងការបោះឆ្នោត គឺជាអ្នកព្យាយាមដឹកនាំកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មីវិញម្តង ក្រោយពីលោក Pita Limjaroenrat ដែលជាមេដឹកនាំរបស់ Move Forward បានទទួលបរាជ័យពីរលើកដើម្បីក្លាយជានាយករដ្ឋមន្រ្តី។
គណបក្ស Move Forward និង Pheu Thai ស្ថិតក្នុងក្រុមចម្រុះតែមួយ មានគណបក្សសរុបចំនួន៨ ដែលពីដំបូងឡើយ បានរួមគ្នាផ្តល់ការគាំទ្រដល់លោក Pita សម្រាប់តំណែងនាយករដ្ឋមន្រ្តី ដើម្បីឆ្ពោះទៅបង្កើតរដ្ឋាភិបាលថ្មី ប៉ុន្តែកិច្ចប្រឹងប្រែងបែបនោះត្រូវបានរារាំងដោយក្រុមអភិរក្សនិយមនៃរដ្ឋសភានិងក្រុមសមាជិកព្រឹទ្ធសភាក្នុងការបោះឆ្នោតនៅសភាកាលពីថ្ងៃទី១៣ ខែកក្កដា ហើយកាលពីថ្ងៃពុធសប្តាហ៍នេះ ពួកគេបានបដិសេធមិនឱ្យលោក Pita អាចត្រូវតែងតាំងជាបេក្ខជននាយករដ្ឋមន្រ្តីសាជាថ្មីតែម្តង។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃសុក្រនេះ លោក ឆៃថាវ៉ាត់ ទូឡាថន (Chaithawat Tulathon) អគ្គលេខាធិការបក្ស Move Forward បាននិយាយដូច្នេះថា «វាច្បាស់ណាស់ថា កងកម្លាំងអភិរក្សនិយមនឹងមិនអនុញ្ញាតឱ្យ Move Forward ដឹកនាំរដ្ឋាភិបាលឡើយ។ បញ្ហាសំខាន់នាពេលនេះមិនមែនថាតើលោក Pita អាចក្លាយជានាយករដ្ឋមន្រ្តីដែរឬអត់នោះទេ ប៉ុន្តែគឺការព្យាយាមនាំយកប្រជាធិបតេយ្យមកកាន់ប្រទេសថៃវិញ… ពួកយើងនឹងផ្តល់ឱកាសនេះឱ្យប្រទេសរបស់យើង ដោយទុកឱ្យគណបក្សឈរនៅលេខ២ (ភឿថៃ) ដឹកនាំការបង្កើតរដ្ឋាភិបាលវិញម្តង»។
គណបក្ស Pheu Thai ត្រូវគេរំពឹងទុកយ៉ាងទូលំទូលាយថា នឹងតែងតាំងមហាសេដ្ឋីចលនទ្រព្យ ដែលទើបតែប្រឡូកចូលនយោបាយ គឺលោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) ជាបេក្ខជននាយករដ្ឋមន្រ្តី ដើម្បីឱ្យសភាថៃបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។ គណបក្ស Pheu Thai និង Move Forward បូករួមជាមួយក្រុមចម្រុះរបស់ពួកគេ គឺមានអាសនៈសរុប៣១២ ខណៈដើម្បីអាចជាប់នាយករដ្ឋមន្រ្តី គឺត្រូវការសំឡេងគាំទ្រ៣៧៥សំឡេង ដែលជាសំឡេងភាគច្រើននៃអាសនៈសរុបបញ្ចូលគ្នា រវាងរដ្ឋសភានឹងព្រឹទ្ធសភាថៃ៕ ដោយធីរីណា
រូបថត: EPA