ព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ មនុស្សម្នាក់បានបាត់បង់ជីវិត និង៣នាក់ផ្សេងទៀតបានរងរបួស នៅក្បែរស្ថានីយរថភ្លើងក្រោមដីមួយកន្លែង ស្ថិតក្នុងរដ្ឋធានីសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង។
ហេតុការណ៍ខាងលើ បានកើតឡើងក្នុងថ្ងៃសុក្រនេះ នៅពេលជនដៃដល់ ដែលជាបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានយកកាំបិតចាក់ទៅលើមនុស្សម្នាក់រហូតដល់ស្លាប់ ហើយបង្កឱ្យ៣នាក់ផ្សេងទៀតរងរបួស នៅក្បែរច្រកចេញលេខ៤ នៃស្ថានីយរថភ្លើងក្រោមដី ស៉ីលលីម (Sillim) ក្នុងតំបន់ភាគនិរតីនៃទីក្រុងសេអ៊ូល។
ខ្មាន់កាំបិតរូបនោះត្រូវប៉ូលិសកូរ៉េខាងត្បូង ចាប់ខ្លួនបានភ្លាមៗនៅកន្លែងកើតហេតុផ្ទាល់ ខណៈអាជ្ញាធរកំពុងតែស៉ើបអង្កេត ដើម្បីកំណត់ពីចេតនានៅពីក្រោយសកម្មភាពវាយប្រហារនេះ។ ចំណែកអ្នកដែលរងរបួស គឺត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះព្យាបាល៕
...