ខេត្តមណ្ឌលគិរី៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានឃាត់ខ្លួនយុវជនចំនួន៧នាក់ ពាក់ព័ន្ធនឹងអំពើឃាតកម្ម សម្លាប់មនុស្សរួចចោលសាកសពនៅលើដងផ្លូវ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ។
របាយការណ៍ដដែលបន្តថា យុវជនទាំង៧នាក់នេះ រួមមានដូចជា ៖ ទី១- ឈ្មោះ មឿន ផែន ភេទប្រុស អាយុ១៧ឆ្នាំ ,ទី២- ឈ្មោះ តាំង ម៉េងទៀង ភេទប្រុស អាយុ១៧ឆ្នាំ, ទី៣- ឈ្មោះ កាន់ វ៉ាន់ណេត ភេទប្រុស អាយុ១៩ឆ្នាំ, ទី៤- ឈ្មោះ នី ផានីត ភេទប្រុស អាយុ១៧ឆ្នាំ, ទី៥- ឈ្មោះ សាក់ លីហ័រ ភេទប្រុស អាយុ១៧ឆ្នាំ, ទី៦- ឈ្មោះ សេង វីបុល ភេទប្រុស អាយុ១៩ឆ្នាំ និងទី៧- ឈ្មោះ ផ្ទូន គ្រី ភេទប្រុស អាយុ១៩ឆ្នាំ។
សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ មានករណីឃាតកម្មមួយ បានកេីតឡេីងនៅចំណុចលើចិញ្ចើមផ្លូវថ្នល់ជាប់ចម្ការកៅស៊ូរបស់ឈ្មោះ ទ្រុញ សាខន ស្ថិតនៅក្នុងភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ដោយជនរងគ្រោះមានឈ្មោះ ហង្ស បញ្ញា ហៅមីដ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងសិប្បកម្ម ត្រូវជនមិនស្គាល់មុខមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង បានធ្វើសកម្មភាពយកដំបងវា.យទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ដេកដួលសន្ល.ប់នៅនឹងកន្លែងកើតហេតុ រហូតបាត់បង់ជីវិត ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកក្រុងសែនមនោរម្យ ខេត្តមណ្ឌគិរី។
ប្រភពដដែលបន្តថា នៅយប់ថ្ងៃកើតហេតុនោះ ជនរងគ្រោះបានធ្វើដំណើរតែម្នាក់ឯង នៅលើដងផ្លូវដ៏ស្ងាត់ដាច់ស្រយាលពីស្រុកភូមិ ស្របពេលនោះក៏ជួបជាមួយយុវជនមួយក្រុមមិនស្គាល់អត្តសញ្ញាណ ហើយពួកគេក៏នាំគ្នាព្រួតវា.យទៅលើជនរងគ្រោះដោយប្រើដំបង បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ រហូតស្លា.ប់បាត់បង់ជីវិតតែម្តង។
ក្រោយទទួលបានព័ត៍មានភ្លាមនោះ លោកឧត្តសេនីយ៍ទោ ស្នងការនគរបាលខេត្តមណ្ឌលគិរី បានដាក់បទបញ្ជាដល់កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ ឱ្យចុះសហការជាមួយនគរបាលមូលដ្ឋាន ដើម្បីបើកការស៊ើបអង្កេត និងស្រាវជ្រាវជាបន្ទាន់។ ដោយប្រេីរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ កម្លាំងសមត្ថកិច្ចក៏ឈានដល់ការកំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួនយុវជនចំនួន៧នាក់ខាងលេីនេះ យកមកសាកសួរតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់នេះ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយសាកសួរ ដេីម្បីចាត់ការតាមច្បាប់៕ ដោយ៖សហការី