ខេត្តបន្ទាយមានជ័យ៖ ចៅក្រមស៉ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទលួច បន្ទាប់ពីកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ។
បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកក្កដាថ្មីៗនេះ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ២ករណីដាច់ដោយឡែកពីគ្នានៅក្នុងក្រុងប៉ោយប៉ែត។ ក្រោយពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឆាន់ សុខចាន់ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ យ៉ន ប៊ុនធឿន (ហៅខូច) ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ហើយដឹកហូតវត្ថុតាងបាន រួមមាន ៖ ១- ម៉ូតូម៉ាកហុងដាឃ្លិច ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ បន្ទាយមានជ័យ1S-6042 ចំនួន០១គ្រឿង(ប្រគល់ជូនម្ចាស់ដើមវិញ)។ ២- ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន០១គ្រឿង (រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្រាវជ្រាវរកម្ចាស់ដើម)។
មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតរូបនេះ បន្តថា យោងតាចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា «ខ្លួនបានធ្វើសកម្មភាពលួ.ចម៉ូតូរបស់ប្រជាពលរដ្ឋចំនួន២លើក ដោយលើកទី១- នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទីរសៀល បានលួ.ចម៉ូតូរបស់ប្រជាពលរដ្ឋម្នាក់នៅចំណុចផ្សារយួន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លើកទី២- នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៣០នាទីល្ងាច បានលួ.ចម៉ូតូមួយគ្រឿងទៀត នៅចំណុចភូមិក្បាលស្ពាន២ ស្ថិតក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ»។
គួរជម្រាបថា ក្រោយឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ រូបគេបានឆ្លើយសារភាពថា៖ “ខ្លួនពិតជាបានធ្វើសកម្មភាពលួ.ចយកម៉ូតូ២លើកពិតប្រាកដមែន។ ក្រោយពីលួចបានហើយ ខ្លួនមានបំណងយកម៉ូតូទៅបញ្ចាំយកលុយលេងល្បែង និងទិញគ្រឿងញៀនយកមកប្រើប្រាស់ តែគួរឲ្យអនិច្ចាណាស់មិនទាន់បានបញ្ចាំផង ក៏ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនតែម្តង។ ហើយកន្លងមក ខ្លួនក៏ធ្លាប់ជាប់ពន្ធនាគារចំនួន៣លើកផងដែរ ដោយ២ករណីពាក់ព័ន្ធអំពើលួ.ច និង១លើកទៀត ពាក់ព័ន្ធករណីគ្រឿងញៀន”។
ដោយឡែកវត្ថុតាងម៉ូតូមួយគ្រឿង ដែលចាប់យកពីជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុហត្ថ ប្រគល់ជូនម្ចាស់ដើមវិញផងដែរ រីឯម៉ូតូមួយគ្រឿងទៀតសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកម្ចាស់ដើម ដេីម្បីមកទទួលយកទៅវិញ៕ដោយ៖សហការី