ខេត្តបន្ទាយមានជ័យ៖ គិតមកត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៦ នេះ ការងារអនុវត្តគម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម (ជំហានទី ៦) សម្រេចលទ្ធផលបានប្រមាណ ៥០ភាគរយហើយ ។
សូមរំលឹកជូនថា ការអនុវត្តគម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ឃុំពន្លៃ និងឃុំស្រះជីក ក្នុងស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើឡើងជាជំហានៗ ក្នុងនោះជំហានទី១-បានចាប់ផ្តើមនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៨ ដោយបានធ្វើការជួសជុលស្តារឡើងវិញនូវប្រព័ន្ធប្រឡាយស្រោចស្រព និងប្រព័ន្ធប្រឡាយដោះទឹកសរុបប្រវែង ៣៥គីឡូម៉ែត្រ ព្រមទាំងសាងសង់សំណង់សិល្បការធំ-តូចជាច្រើនកន្លែងទៀត ។ បន្ទាប់ពីបានបញ្ចប់ជំហានទី១-នៅក្នុងឆ្នាំ២០១០ លទ្ធភាពស្រោចស្រពរបស់ប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្មបានកើនឡើងពី ៧.០០០ហិកតា ដល់ ២០.០០០ហិកតា ។
ចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៥ គម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្មត្រូវបានអនុវត្តជាជំហានៗបន្តបន្ទាប់ទៀតដើម្បីពង្រីកលទ្ធភាពស្រោចស្រពឱ្យកើនដល់ ៣៥.០០០ហិកតា ។
ចាប់ពីឆ្នាំ២០១៦ នេះរហូតដល់ឆ្នាំ២០១៨ ខាងមុខ ក្រសួងបាននិងកំពុងបន្តធ្វើការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តអាងត្រពាំងថ្មឱ្យទៅជាប្រព័ន្ធធារាសាស្ត្រដ៏មានសក្តានុពលមួយ ដែលអាចស្តុកទឹកបានរហូតដល់ ៣០០លានម៉ែត្រត្រីគុណ និងកសាងបន្ថែមនូវប្រព័ន្ធប្រឡាយដោះទឹក និងប្រឡាយស្រោចស្រពជាច្រើនទៀត ដើម្បីធានាដោះទឹកឱ្យបានទាន់ពេលវេលានៅពេលមានជំនន់ និងផ្តល់ទឹកគ្រប់គ្រាន់សម្រាប់បម្រើឱ្យការស្រោចស្រពដីស្រែស្រូវរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តបន្ទាយមានជ័យ ។
នៅពេលបញ្ចប់គម្រោងនេះ ក្រៅពីដើរតួនាទីផ្តល់ទឹកស្រោចស្រពដីស្រែស្រូវរបស់បងប្អូនប្រជាកសិកររាប់មុឺនហិកតា និងដោះទឹកជំនន់នៅក្នុងស្រុកថ្មពួក ព្រះនេត្រព្រះ និងស្រុកភ្នំស្រុក ប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម ក៏នឹងប្រែក្លាយទៅជាតំបន់អេកូទេសចរដ៏ស្រស់ត្រកាល និងទាក់ទាញមួយផងដែរ៕
ដោយ៖ សីលា