មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ចិនបានបាញ់សាកល្បងគ្រាប់មីស៊ីលមានរយៈចម្ងាយឆ្ងាយបំផុតលើពិភពលោកប្រភេទ DF-41 ដោយមីស៊ីលនោះអាចហោះទៅកាន់គោលដៅក្នុងចម្ងាយរហូតដល់ទៅ ១២.០០០គីឡូម៉ែត្រប្រើរយៈពេលតែ ៣០នាទីប៉ុណ្ណោះ។
សារព័ត៌មាន Washington Free Beacon បានផ្សាយថា ការបាញ់សាកល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ចិនធ្វើឡើងនៅពាក់កណ្តាលខែមេសាដោយមិនបានផ្តល់ព័ត៌មានឲ្យដឹងនោះឡើយ ។ ប៉ុន្តែការបាញ់នោះត្រូវបានផ្កាយរណបយោធាអាមេរិកចាប់បាន។ មន្ត្រីការពារជាតិអាមេរិកក៏មិនបានបកស្រាយពីទីតាំងនិងពេលវេលាបាញ់បង្ហោះឲ្យបានច្បាស់លាស់នោះដែរ។
តាមព័ត៌មានខាងលើកាំជ្រួចមីស៊ីលរបស់ចិនបានបាញ់ចេញពីរថយន្តធុនធំមួយគ្រឿង ហើយការសាកល្បងនោះគឺជាការបាញ់សាកល្បងលើកទី៧ហើយនូវប្រភេទមីស៊ីល DF-41។
អ្នកឯកទេសយោធារបស់អាមេរិកបានឲ្យដឹងថា កាំជ្រួចមីស៊ីល DF-41 គឺជាក្តីព្រួយបារម្ភដោយសារតែកាំជ្រួចមីស៊ីមានទំហំធំមានទម្ងន់រហូតដល់ទៅ ៨០តោន អាចបំពាក់ក្បាលគ្រាប់បរមាណូបានរហូតដល់ទៅ១០គ្រាប់។
ការសាកល្បងគ្រាប់មីស៊ីលខាងលើចំពេលដែលមន្ត្រីចិនបានទៅកាន់កោះដែលមានវិវាទស្ថិតនៅក្នុងដែនសមុទ្រក្រោមការគ្រប់គ្រងរបស់វៀតណាម ហើយក៏ជាពេលវេលាដែលរដ្ឋមន្ត្រីការពារជាតិអាមេរិកបំពេញទស្សនកិច្ចទៅកាន់នាវាផ្ទុកយន្តហោះ USS John C Stennis ស្ថិតនៅដែនសមុទ្រចិនភាគខាងត្បូង។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ នៅលើកោះសិប្បនិមិត្តដែលចិនបានសាងសង់ឡើងនៅសមុទ្រចិនភាគខាងត្បូងនោះចិនក៏បានសម្ពោធបង្គោលភ្លើងហ្វាសម្រាប់បំភ្លឺនៅទីនោះ។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវបង្គោលភ្លើងហ្វានៅលើកោះសិប្បនិមិត្តក្នុងសមុទ្រចិនខាងត្បូងបានចូលរួមដោយមន្រ្តីជាន់ខ្ពស់ចិនផ្នែកដឹកជញ្ជូនជាច្រើនរូប។ បង្គោលភ្លើងហ្វានោះមានកម្ពស់ ៥៥ម៉ែត្រ និងមានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលនឹងអនុញ្ញាតឲ្យចិនប្រើសម្រាប់តាមឃ្លាំមើលរាល់ចរាចរណ៍ចេញចូលរបស់នាវាក្នុងសមុទ្រចិនខាងត្បូង។ តាមកាសែត ស៊ីនហួ បានផ្សាយថា បង្គោលភ្លើងហ្វាមួយនេះត្រូវបានសាងសង់លើកោះសិប្បនិមិត្តរបស់ចិនដែលស្ថិតមិនឆ្ងាយប៉ុន្មានពីទីប្រជុំកោះ Spratleys ។
ទីប្រជុំកោះ Spratleys ជាកោះដែលចិន និងបណ្តាប្រទេសអាស៊ីខ្លះមានវៀតណាម ហ្វុីលីពីន ម៉ាឡេស៊ី និងតៃវ៉ាន់កំពុងទាមទារជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួន។ គួរបញ្ជាក់ថា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះចិនបានធ្វើការសាងសង់កោះសិប្បនិមិត្តជាច្រើនរយហិកតាលើផ្ទៃទឹកសមុទ្រក្នុងសមុទ្រចិនខាងត្បូង។ រូបថតផ្កាយរណបអាមេរិកាំងបានប៉ាន់ប្រមាណមើលថា កោះសិប្បនិមិត្តរបស់ចិននៅលើទឹកសមុទ្រមានផ្ទៃក្រឡាដីជិត ៤០០ហិកតា។
នៅលើកោះសិប្បនិមិត្តនោះចិនថែមទាំងបានសាងសង់កំពង់ផែព្រលានយន្តហោះ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតជាច្រើន។ លោក លូ កាង អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់នៅថ្ងៃទី៦ ខែមេសា ថា អ្វីដែលចិនបាននិងកំពុងធ្វើពេលនេះគឺដើម្បីធានាសន្តិសុខនិងសេរីភាពធ្វើចរាចរណ៍ផ្លូវសមុទ្រក្នុងសមុទ្រចិនខាងត្បូងក្នុងគោលដៅបង្កើនពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់។
ក៏ប៉ុន្តែការអះអាងរបស់ប៉េកាំងមិនបានរម្ងាប់កំហឹងរបស់ប្រទេសដែលកំពុងមានជម្លោះផ្ទាល់ជាមួយចិនទេ។ សូម្បីតែអាមេរិកដែលគ្មានភាគហ៊ុនក៏ជួយឈឺឆ្អាលដោយបានចេញមុខបរិហារចិនចំមុខ។ អាមេរិកធ្លាប់បានបញ្ជាក់ជាច្រើនដងថា ដែនទឹកនៅសមុទ្រចិនខាងត្បូងជាដែនទឹកអន្តរជាតិដែលមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសណាមួយទេ។ ថ្មីៗកន្លងទៅដើម្បីបង្ហាញពីសិទ្ធិរបស់ខ្លួន អាមេរិកបានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់សមុទ្រចិនខាងត្បូង។ ទង្វើអាមេរិកកាលណោះបានធ្វើឲ្យចិនក្តៅស្លឹកត្រចៀកងំ ៕
ប្រែសម្រួល៖ ម៉ែវ សាធី