ព្យុះ Doksuri បានវាយប្រហារចូលដីគោកភាគខាងជើងប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី ២៦ខែកក្កដា អមជាមួយខ្យល់ភ្លៀងខ្លាំង ធ្វើឲ្យដាច់ចរន្តអគ្គិសនី ទឹកជំនន់កើនឡើង បង្ខំឲ្យពលរដ្ឋរាប់សិបពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។
ក្រុមមន្ត្រីនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដានេះ បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារតែព្យុះទីហ្វុង ដុកស៊ូរី (Doksuri) នៅក្នុងតំបន់ភាគខាងជើងនៃប្រទេស បានកើនដល់៦នាក់ ខណៈព្យុះដ៏មានឥទ្ធិពលមួយនេះកំពុងបក់បោកនៅតៃវ៉ាន់ មុននឹងបន្តឆ្ពោះទៅកាន់ភាគអាគ្នេយ៍ ប្រទេសចិន នៅចុងសប្ដាហ៍នេះ។
ព្យុះទីហ្វុង ដុកស៊ូរី (Doksuri) បានវាយប្រហារលើកោះ Luzon កាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយបណ្ដាលឱ្យដើមឈើជាច្រើនបាក់រលំ កាត់ផ្ដាច់ចរន្តអគ្គិសនី និងបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនចេញ ជាពិសេសអ្នករស់នៅតាមតំបន់ឆ្នេរ។ ខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយព្យុះនេះ នៅលើកោះ Babuyan និងតាមខេត្តភាគខាងជើងនៃប្រទេសហ្វីលីពីន ក៏បានបង្កឱ្យមានគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីផងដែរ។
ក្រុមមន្ត្រីហ្វីលីពីន បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាស្ត្រីជាម្ដាយម្នាក់ និងកូន៣នាក់របស់គាត់បានស្លាប់កាលពីថ្ងៃពុធ ក្នុងគ្រោះរអិលបាក់ដី ដែលបានវាយប្រហារផ្ទះរបស់ពួកគេ នៅក្នុងទីក្រុង Buguias ស្ថិតនៅក្នុងខេត្ត Benguet ដែលសម្បូរទៅដោយភ្នំ។ ចំណែក មនុស្ស៥នាក់ផ្សេងទៀតនៅក្នុង ផ្ទះនេះត្រូវបានជួយសង្រ្គោះ។ ចំនួនអ្នកស្លាប់ត្រូវបានបញ្ជាក់ថាបានកើនដល់ ៦នាក់ ក្រោយស្ត្រីម្នាក់បានស្លាប់ដោយសារដើមដូងបាក់សង្កត់នៅក្នុងខេត្ត Isabela ហើយក្មេងប្រុសជំទង់ម្នាក់ ១៦ឆ្នាំ បានស្លាប់ក្នុងគ្រោះរអិលបាក់ នៅទីក្រុង Baguio។
ព្យុះទីហ្វុង ដុកស៊ូរី បានក្លាយជាព្យុះ super typhoon នៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃអង្គារ ប៉ុន្តែបាន ថមថយឥទ្ធិពល ពេលបក់បោកទៅក្បែរហ្វីលីពីន។ ព្យុះទីហ្វុងនេះកំពុងបក់បោកនៅតៃវ៉ាន់ ហើយអាចនឹងបក់បោកទៅដល់តំបន់ដីគោករបស់ចិន នៅថ្ងៃសុក្រ សប្ដាហ៍នេះ៕ដោយ:ធីរីណា
រូបថត:CNN