ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឮស្នូរកាំភ្លើងរបស់ សមត្ថកិច្ចដែលដេញតាមចាប់រថយន្តសាំយ៉ុងដឹកឈើប្រណីតមួយគ្រឿង កាល ពីរសៀលថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ២០១៦ នៅលើត្រង់កំណាត់ផ្លូវជាតិលេខ៧ចំណុច ព្រៃចាស់ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាគេបានឮសំឡេងគ្រាប់កាំភ្លើងបាញ់ជាច្រើនគ្រាប់ចេញពីក្នុងរថយន្តម៉ាកហាយឡេនឌ័រដែលជារថយន្តរបស់សមត្ថកិច្ចបានបាញ់ទៅលើរថយន្តសាំយ៉ុងដឹកឈើនោះពីក្រោយ បណ្តាលឲ្យបែកកង់ក្រោយខាងស្តាំទៅមុខលែងរួច បន្ទាប់មករថយន្តហាយលែន ឌ័រនោះ ក៏បានបើកដេញតាមរថយន្តមួយ គ្រឿងទៀតម៉ាកកាមរីបាឡែន ដែលជារថយន្តម្ចាស់រថយន្តសាំយ៉ុងខាងលើដែលរថយន្តបាឡែននេះបានបើកបិទគូទឃាំងរថយន្តសមត្ថកិច្ចមិនឲ្យដេញតាមក៏ត្រូវបានសមត្ថកិច្ចដែលជិះលើរថយន្តហាយឡែនឌ័របាញ់ជាច្រើនគ្រាប់ដូចគ្នាបណ្តាលឲ្យរថយន្តកាមរីបាឡែននោះបែកកង់ខាងឆ្វេងទាំងមុខទាំងក្រោយទៅមុខមិនរួច ភ្លាមនោះម្ចាស់រថយន្តក៏បានបើកទ្វាររត់គេចខ្លួនបាត់ស្រមោលភ្លាមៗផងដែរ ។
ប្រភពបន្តថា ពីដំបូងពួកគាត់បានឃើញ រថយន្តសាំយ៉ុងមួយគ្រឿង ពណ៌សំបក ឪឡឹក ពាក់ស្លាកលេខភ្នំពេញ2AD-4742 បែកកង់នៅចំណុចភូមិខាងលើ បន្ទាប់ពីប្តូរកង់រួចមករថយន្តសាំយ៉ុងនោះបានបើកចេញ ។ ប៉ុន្តែភ្លាមនោះគេឃើញមានរថយន្ត ម៉ាកហាយឡែនឌ័រមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AA-7817 ដែល គេស្គាល់ថា ជារថយន្តរបស់ឈ្មោះ តាំង ដារ៉ាន់ ដែលជាអនុប្រធានមន្ទីរទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ចខេត្តជិះ ជាមួយបុរសម្នាក់ទៀតឈ្មោះ ប៉ូ លី ដែលជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋ កិច្ចខេត្ត ។
ក្រោយការឃាត់រថយន្តខាងលើនោះរួចមកឃើញថារថយន្តនោះពិតជាបានដឹកឈើប្រណីតប្រាកដមែន។ ចំណែកឯតៃកុង រថយន្តក៏បានរត់គេចខ្លួនបាត់ផងដែរ ។
សូមបញ្ជាក់ថា រថយន្តសាំយ៉ុងដឹកឈើ សមត្ថកិច្ចឃាត់បានខាងលើនេះ ជារថយន្តរបស់ឈ្មួញឈើម្នាក់ឈ្មោះហេងដែលជា អ្នករកស៊ីឈើនៅស្រុកសៀមប៉ាងជាច្រើនឆ្នាំមកហើយ ។ ហើយឈ្មួញឈ្មោះ ហេង ម្នាក់នេះបានដឹកឈើប្រណីតចេញពីភូមិកញ្ចាញគោក ស្រុកសៀមប៉ាង ជារៀងរាល់ថ្ងៃយកមកលក់ឲ្យឈ្មួញបន្តទៀតដែលដេកចាំទិញឈើក្នុងទីរួមខេត្ត ។
បច្ចុប្បន្នរថយន្តសាំយ៉ុងដឹកឈើនិងរថយន្តកាមរីបាឡែនខាងលើត្រូវសមត្ថកិច្ចយករថយន្តស្ទូចមកស្ទូចយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ប៉ុន្តែចំណាត់ការបន្តយ៉ាងណានោះ គឺយើង នៅមិនទាន់ដឹងនៅឡើយទេ ៕
ដោយ៖ ហេង នរិន្ទ្រ