ភ្នំពេញ៖ អស់រយៈពេលជិត២ឆ្នាំហើយហើយដែលចំណងស្នេហ៍តារាម៉ូដែល ទឹម រដ្ឋា និងអ្នកជំនួញប៉ាគីស្ថាន លោក Zak Ky បានឈានដល់ផ្លូវបំបែក។ នាងនៅមិនទាន់បណ្តើរប្រុសណាម្នាក់នៅឡើយបើទោះបីជានាងលើកឡើងថា ដំបៅស្នេហ៍ចាស់បានជាទៅហើយក្តី ហើយបើទោះបីជាអតីតគូស្នេហ៍បង្ហាញមុខសង្សារថ្មីជាសាធារណៈយ៉ាងណាក៏ដោយ ។
តារាស្រីល្បីខាងលេងខ្លួនដូចតារាបរទេសរូបនេះបញ្ជាក់ថា នាងហាក់មានសេរីភាពច្រើនជាមុន ហើយមួយរយៈចុងក្រោយនេះមានបុរសជាជនបរទេសជាច្រើនបានទាក់ទងសុំស្នេហ៍ ។ តារាស្រីទម្រង់មុខកូនកាត់ ទឹម រដ្ឋា បានបញ្ជាក់ថា កន្លងមកដើម្បីឲ្យស្នេហាចុះសម្រុងនាងសុខចិត្តកាត់បន្ថយច្រើនពីការងារសិល្បៈ ហើយមានអ្នកដឹកនាំសិល្បៈច្រើនណាស់ហៅថត តែនាងបានបដិសេធគឺមានតែការដើរម៉ូដប៉ុណ្ណោះ ដែលនាងទទួលព្រោះតែជៀសវាងការប្រចណ្ឌហួងហែង ប៉ុន្តែក្រោយបែកគ្នារយៈពេល២ឆ្នាំមកនេះ នាងចាប់ផ្តើមមានការងារច្រើនជាងមុខច្រើនទាំងការងារជាពិធិការិនី ការងារបង្ហាញម៉ូត ច្រៀង និងសម្តែងជាដើម។
នាងបន្តថា ក្រោយបែកសង្សារចាស់នាងមិនទាន់មានអ្នកថ្មីនៅឡើយទេ ព្រោះចង់ទុកពេលសម្រាប់ខ្លួនឯងជាមួយនឹងការងារសិល្បៈ ប៉ុន្តែនាងសារភាពថា ពិតជាមានអ្នកតាមស្នេហ៍ច្រើន ពិសេសគឺបុរសៗជនជាតិអឺរ៉ុប។ទោះជាយ៉ាងណាថ្មីៗនេះអតីតសង្សា កញ្ញា ទឹម រដ្ឋា គឺលោក Zak Ky បានទម្លាយចេញនូវរូបថតកៀកកើយជាច្រើនសន្លឹកជាមួយនឹងសង្សារថ្មីឈ្មោះ Helyda ដែលអ្នកខ្លះគិតថា ទឹម រដ្ឋា ខកចិត្តមិនតិចទេ។
ទាក់ទិននឹងអតីតគូស្នេហ៍ចាស់បង្ហាញសង្សាថ្មីវិញ តារាស្រីរូបនេះបញ្ជាក់ថា វាគឺជារឿងធម្មតា បែកគ្នាយូមកហើយនាងក៏លែងនឹកនាសង្សាចចាស់នោះដែរ ហើយក៏គ្មានអ្វីដែលពាក់ព័ន្ធគ្នាដែរ ។ នាងបញ្ជាក់ទៀតថា ក្រោយបែកគ្នាជាយូរមកនាងមិនដែលទាក់ទងគ្នាសូម្បីតែបន្តិគឺដាច់ស្រឡះតែម្តង។ ទោះជាអតីតសង្សាបង្ហាញស្នេហ៍ថ្មីជាមួយនារីដែលមានសម្រស់ស្រស់សោភាក្តីក៏នាងមិនបានឈឺចិត្តស្អិតទ្រូងឬរកស្នេហ៍ថ្មីមកជំនួសស្នេហ៍ចាស់ដែលគឺនាងមិនទាន់ចង់ពាក់ព័ន្ធនឹងស្នេហាខណៈដែលបុរសភាពច្រើនដែលស្នេហ៍នាងហាក់មិនផ្តល់ឱកាសច្រើនសម្រាប់ការងារសិល្បៈ ។
នាងបញ្ជាក់បន្ថែមថា ការងារសិល្បៈរបស់នាងពិតជារីកចម្រើនខ្លាំងទាំងការងារបង្ហាញម៉ូត និងច្រៀង ពិសេសការងារសម្តែងដែលនាងទើបនឹងបញ្ចប់ការថតខ្សែភាពយន្តខ្នាតធំរបស់អ្នកស្រីពាន់ភួងបុប្ផា រឿង «បណ្តឹងខ្មោចស្រីទាំង៥» និងបន្តថតខ្សែភាពយន្តភាគថ្មីមួយចំនួនទៀតដូចជារឿង «ម្ទេសហិលប៉ះអំបិលប្រៃ» របស់ផលិតកម្ម LD Picture និងរឿង «ហង្សបាក់ស្លាប» របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ជាដើម។ នៅចុងឆ្នាំនេះនាងក៏គ្រោងនឹងចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសអូស្ត្រាលីផងដែរ។ នាងរំពឹងថា ការងារសិល្បៈនាងនឹងជោគជ័យជាងរឿងស្នេហាដែលនាងចង់ទុកមួយដុំសិន៕
ដោយ៖ វឌ្ឍនា