ខេត្តកំពង់ស្ពឺ៖ ឈើជាច្រើនម៉ែត្រគូបត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើឆ្មក់ចាប់យកខណៈដែលក្រុមឈ្មួញលាក់ទុកត្រាំទឹកប្រុងយកទៅលក់បន្តនៅតាមដេប៉ូក្នុងខេត្តកំពង់ស្ពឺ ហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍ក៏ដាក់កម្លាំងព័ទចាប់តែម្តង។
ការឆ្មក់ចាប់ឈើប្រុងលោតឆត្រខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចក្នុងស្រះទឹកមួយកន្លែងខាងក្រោយការ៉ាស់ជួសជុលរថយន្តក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីជំនាញបានឲ្យដឹងថា ឈើដែលឆ្មក់ចាប់យកខាងលើនេះជាប្រភេទឈើក្រហម (សុក្រំផ្ចឹក) ជាគ្រឿងធ្វើផ្ទះមិនទាន់ដឹងចំនួនពិតប្រកដនៅឡើយទេ ដោយសាតែឈើនៅត្រាំក្នុងទឹកមិនអាចកំណត់បាននោះទេគ្រាន់តែស្រង់បានដឹកយកមករក្សារទុកមួយរថយន្តប៉ុណ្ណោះ។ ហើយនិងបន្តប្រមូលយកនៅព្រឹកថ្ងៃទី២៨ បន្តទៀតហើយធ្វើការវាស់វែងនិងរាប់ទើបដឹងថា មានចំនួនពិតប្រាកដមិនទាន់ដឹងថាឈើនេះជារបស់អ្នកណានោះទេដោយគ្មានអ្នកចេញមុខ។
បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងលាក់ឈើនោះនិយាយថា ឈើទាំងអស់នោះជាឈើរបស់ប្រជាពលរដ្ឋដែលប្រមូលទិញយកមកទុកធ្វើផ្ទះហើយយកមកត្រាំទឹក ក៏ស្រាប់តែមានក្រុមអ្នកយកព័ត៌មានមួយក្រុមជិះសុទ្ធតែរថយន្តទំនើបៗ (ជាក្រុមសមាគមន៍អ្នកសាព័ត៌មាន ២៥ខេត្តក្រុង) មកអើតមើលឃើញក៏បានទាលុយពីប្រជាពលរដ្ឋម្ចាស់ឈើនោះហើយម្ចាស់និយាយថា គាត់គ្មានលុយទេ ស្រាប់តែក្រុមនោះបានទូរស័ព្ទខ្វាត់ខ្វែងមួយសន្ទុះក្រោយមកបានឃើញមានកម្លាំងសមត្ថកិច្ចនិងជំនាញមកដល់ធ្វើការពិនិត្យនិងយករថយន្តមកដឹកតែម្តង។
ប្រភពបន្តថា កន្លងមកក្រុមមួយនេះតែងតែចុះមកក្នុងស្រុកឱរ៉ាល់ជិះសុទ្ធតែរថយន្តទំនើបៗមកដាក់កុងត្រូជជុះនៅម្តុំស្ពានដែកហើយបើក្រុមឈ្មួញរកស៊ីបទល្មើសបង់លុយឲ្យស្ងាត់ឈឹងបើទាលុយមិនបានគឺរាយការណ៍ទៅជំនាញចុះចាប់តែម្តង។
បើតាមប្រភពមួយទៀតបានបង្ហើបឲ្យដឹងថា ឈើដែលជំនាញឆ្មក់ចាប់នេះជាឈើរបស់សាច់ញាតិលោក ជឿង ថេងដែលប្រមូលទិញពីប្រជាបលរដ្ឋយកមកលាក់ទុកត្រាំទឹករួចហើយដឹកយកទៅលក់នៅតាមបណ្តាលដេប៉ូទូទាំងខេត្តកំពង់ស្ពឺទាំងមូលពេលនេះបែកការត្រូវកម្លាំងជំនាញឆ្មក់ចាប់តែម្តង។ បើតាមការបង្ហើបឲ្យដឹងថា ឈើនៅត្រាំក្នុងទឹកនោះមិនក្រោម ៣០ម៉ែត្រគូបនោះទេ។
បន្ទាប់ពីប្រមូលឈើបានយកមករក្សារទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺរង់ចាំចាត់ការបន្តតាមច្បាប់រដ្ឋបាលព្រៃឈើ៕
ដោយ៖ សេនា សក្តិ