ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋរស់នៅស្រុករតនមណ្ឌល និងស្រុកមោងឫស្សី នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានមករាយការណ៍ជូនសមត្ថកិច្ចចំនួន ០២ករណីផ្សេងគ្នា។
ករណីទី១ នៅចំណុចភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានប្រជាពលរដ្ឋឈ្មោះ ជួប រស់ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិមហាសួង ឃុំព្រែលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពេលកំពុងភ្ជួររាស់ដីចំការ ចំងាយពីផ្លូវជាតិលេខ១៥៧៧ ប្រហែល៩០០ម៉ែត្រ ហើយបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល។ ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃេីញប្រភេទគ្រាប់មីន PMN2 (សញ្ញាលេខបូក) ០១គ្រាប់ និងគ្រាប់ 60mm ០១គ្រាប់ សមត្ថកិច្ចបានចងខ្សែហ៊ុំព័ន្ធនិងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល។
ករណីទី២ នៅចំណុចភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង មានប្រជាពលរដ្ឋ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកមោងឬស្សី។ ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃេីញប្រភេទម៉ាក A80 ចំនួន ០១គ្រាប់ សមត្ថកិច្ចបានចងខ្សែហ៊ុំព័ន្ធនិងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល។
ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុករតនមណ្ឌល និងស្រុកមោងឬស្សីបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗ ត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ៕អរុណរះ