ខេត្តក្រចេះ៖ ទីតាំងស្ថានីយប្រេងឥន្ទនៈតេលាមួយកន្លែងត្រូវបានកម្លាំងចម្រុះចុះឆែកឆេក្រោយពីមានការសង្ស័យថាមានរថយន្តដឹកឈើចំនួន២គ្រឿង ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់រថយន្តយោធាម្នាក់រងរបួសធ្ងន់ហើយរត់គេចទៅលាក់នៅក្នុងនោះ ហើយក៏ប្រទះឃើញមាន ឈើប្រណិតជាច្រើន។
ការចុះឡោមព័ទ្ធទីតាំងស្ថានីយប្រេងឥន្ទនៈតេលានោះកម្លាំងចម្រុះបានប្រតិបត្តិការ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលពី លោក រ៉ា ប៉ូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
ទីតាំងស្ថានីយ៍ប្រេងឥន្ទនៈតេលាដែលសមត្ថកិច្ចបានសម្រេចធ្វើការឆែកឆេនោះ ស្ថិតក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។ នៅវេលាម៉ោងប្រមាណ១២យប់មានរថយន្តសាំងយ៉ុង ចំនួន២គ្រឿង ដែលទំនងធ្វើសកម្មភាពល្មើសច្បាប់ ហើយត្រូវបានមន្ត្រីយោធាសឹករងម្នាក់បានបើករថយន្តដេញស្ទាក់សាកសួរក៏ត្រូវរថយន្តទាំង២គ្រឿងនោះ បុកគៀទម្លាក់ផ្លូវបណ្តាលឲ្យរងរបួសយ៉ាងដំណំហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
ក្រោយបង្កហេតុរថយន្តសង្ស័យខាងលើបានបើករត់គេចទៅលាក់នៅក្នុងស្ថានីយប្រេងឥន្ធនៈមួយកន្លែងនោះ។
តាមប្រភពម្ចាស់ស្ថានីយ៍ប្រេងខាងលើតែងឃុបឃិត លាក់បាំងជានិច្ចដោយមិនសហការជាមួយសមត្ថកិច្ចឡើយដោយឆ្លើយថាមិនមានឡានចូលទេ។
ដោយមិនមានកិច្ចសហការ ទើបកម្លាំងក៏បានឃ្លាំមើលហើយរាយការណ៍ជូនព្រះរាជអាជ្ញា រហូតដល់ព្រឹកទើបមានវិធានការឆែកឆេតែម្តង ក៏ប្រទះឃើញ រថយន្ដបង្កហេតុទាំង២គ្រឿង និងឈើជាច្រើន នៅក្នុងឃ្លាំងបរិវេនស្ថានីយប្រេងឥន្ទនៈតេលានោះទៀតផង។
ក្រោយប្រទះឃើញរថយន្តល្មើសរួមទាំងវត្ថុតាងបទល្មើសព្រៃឈើផងនោះ ព្រះរាជអាជ្ញារងក៏បានបញ្ជាឲ្យរឹបអូសរថយន្តនិងវត្ថុតាង
យកទៅរក្សាទុក នៅស្ថានីយបណ្ដុះកូនឈើខ្សា ដើម្បីចាត់ការតាមច្បាប់ព្រៃឈើ ៕
ដោយ ជីវ័ន្ត