ខេត្តកំពត ៖ សមត្ថកិច្ចនគរបាលខេត្តកំពត នៅតែបន្តប្រតិបត្តិនៃការស្វែងរកនារីរងគ្រោះ ដែលបាត់ ខ្លួនដោយទឹកហូរគួចធ្លាក់ជ្រោះ នៅតំបន់ទឹកធ្លាក់ជ្រោះភ្នំឱម៉ាល់ខេត្តកំពត នៅមិនទាន់រកឃើញនៅ ឡើយទេ ដែលនាំ ឲ្យការបាត់ខ្លួននេះ បានឈានដល់រយៈពេលជិត ២ថ្ងៃ ហើយ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ មានយុវជនប្រុស-ស្រីចំនួន ៤៣នាក់ បានមកកម្សាន្តដោយបោះតង់សំរាកនៅតំបន់ជ្រោះឱម៉ាល់ ដែលមានទីតាំងស្ថិតនៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ។ នៅយប់កើតហេតុ វេលាម៉ោង៤ កន្លះទៀបភ្លឺ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានភ្លៀងមួយមេធំ បណ្ដាលឱ្យកម្លាំងទឹកមកពីផ្នែកខាងលើ ហូរបោកប៉ះចំតង់ និងនាំមនុស្សប្រុសស្រី ៤នាក់ ដែលបោះតង់គេងចំផ្លូវទឹកជ្រោះហូរ និងធ្លាក់ក្នុងជ្រោះតែម្តង ។
ក្រោយទទួលបានព័ត៌មានអំពីអ្នកបានត់ខ្លួន សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន សហការគ្នាស្វែងរកអ្នកដែលបានបាត់ខ្លួនក្នុងហេតុការណ៍នេះ។ ក្រោយមកនៅរសៀល ថ្ងៃទី៣០ ខែកក្កដា កម្លាំងចម្រុះនៃអាជ្ញាធរស្រុក បានរកឃើញសពនារីម្នាក់ និងអ្នករងរបួស ២នាក់ ខណ:ដែលនារីម្នាក់ទៀត កំពុងបាត់ខ្លួននៅឡើយ។ មកទល់ថ្ងៃទី ៣១ កក្កដានេះ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបន្តដឹកនាំកម្លាំងសមត្ថកិច្ចបន្តស្វែងរកនារីរងគ្រោះផងដែរ ។
សេចក្តីរាយការណ៍សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណមនុស្សទាំង៤នាក់ ដែលរងគ្រោះដោយសារទឹកគួចនោះ ដែលមានដូចជានារីដែលបានស្លាប់មានឈ្មោះ កែន ស្រីរត្ន័ អាយុ ១៩ឆ្នាំ នៅមិនទាន់រកឃើញនៅឡើយ។ ចំណែកអ្នករងរបួស២នាក់ រួមមាន ទី១ បុរស អាយុ ២៣ឆ្នាំ ឈ្មោះ សុង ទីមធន និងបុរសម្នាក់ទៀត ឈ្មោះ សីហា អាយុ២២ឆ្នាំ។ រីឯនារីដែលកំពុងបាត់ខ្លួនឈ្មោះ ផន ស្រីខួច អាយុ១៩ឆ្នាំ កំពុងស្វែងរក ។ ជនរងគ្រោះទាំង៤នាក់ មានទីលំនៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ៕