បុរសម្នាក់ វាយប្រហារលើរថភ្លើង កាលពីឆ្នាំ២០២១ ជាប់ពន្ធនាគារ២៣ឆ្នាំ

ចែករំលែក៖

ព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា តុលាការមួយនៅប្រទេសជប៉ុន នាថ្ងៃចន្ទនេះ បានផ្តន្ទាទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល២៣ឆ្នាំ បន្ទាប់ពីរកឃើញថា ជនរូបនោះពិតជាមានទោសកំហុស ពីបទប៉ុនប៉ងប្រព្រឹត្តអំពើឃាតកម្ម និងបង្កគ្រោះអគ្គិភ័យនៅលើរថភ្លើងមួយខ្សែ ក្នុងទីក្រុងតូក្យូកាលពីចុងខែតុលា ឆ្នាំ២០២១។

ជនឈ្មោះ ក្យូតា ហាតូរិ (Kyota Hattori) អាយុ២៦ឆ្នាំ មានទោសពីបទប្រើកាំបិតចាក់លើអ្នកដំណើរភេទប្រុសម្នាក់ ដែលមានវ័យខ្ទង់៧០ឆ្នាំ បង្កឱ្យរងរបួសធ្ងន់ធ្ងរ ហើយព្យាយាមសម្លាប់មនុស្ស១២នាក់ផ្សេងទៀត តាមរយៈការបង្កឱ្យមានអគ្គិភ័យនៅក្នុងរថភ្លើងមួយ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុន ជន ហាតូរិ បានសារភាពប្រាប់ក្រុមអ្នកស៉ើបអង្កេតថា រូបគេមានបំណងចង់សម្លាប់មនុស្ស ហើយចង់ឱ្យបានការកាត់ទោសប្រហារជីវិត ថែមទៀតផង។
បទឧក្រិដ្ឋហិង្សាជារឿងកម្រនៅក្នុងប្រទេសជប៉ុន ប៉ុន្តែករណីចាក់មនុស្សគឺកើតមានឡើងម្តងម្កាល សូម្បីតែករណីបាញ់ប្រហារផងដែរ ដូចជាករណីបាញ់សម្លាប់អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក ស៉ីនហ្សូ អាបេ កាលពីឆ្នាំមុន។ កាលពីខែសីហា ឆ្នាំ២០២១ មនុស្ស៩នាក់ បានរងរបួស ក្នុងករណីវាយប្រហារដោយកាំបិតមួយ នៅលើរថភ្លើងក្នុងទីក្រុងតូក្យូ ដោយជនសង្ស័យបានប្រគល់ខ្លួនឱ្យប៉ូលិស ក្រោយរត់គេចខ្លួនរយៈពេលខ្លី។ រីឯករណីដាច់ដោយឡែកមួយទៀត ក្នុងខែដដែលនោះ មនុស្ស២នាក់បានរងរបួស ក្នុងករណីវាយប្រហារដោយទឹកអាស៉ីត នៅឯស្ថានីយរថភ្លើងក្រោមដីក្នុងទីក្រុងតូក្យូ៕

...

រូប​ថត​:TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print