លោក Roy Hodgson បានប្រកាសលាលែងចេញពីតំណែងគ្រូបង្វឹកក្រោយក្រុមជម្រើសជាតិអង់គ្លេសប្រកួតចាញ់ក្រុម អុីស្លង់នៅវគ្គ១៦ក្រុមចុងក្រោយ ។
គ្រូបង្វឹកវ័យ៦៨ឆ្នាំនេះបានដឹកនាំក្រុមតោភ្លោះបីអង់គ្លេសអស់រយៈពេល៤ឆ្នាំដោយបានមកជំនួសតំណែងរបស់លោកគ្រូបង្វឹកសញ្ជាតិអុីតាលី Fabio Capello។ ការ ប្រកាសលាឈប់នេះធ្វើឡើងបន្ទាប់ពីអង់គ្លេសប្រកួតចាញ់ក្រុមអ៊ីស្លង់ដែលជាប្រទេសមួយមានប្រជាជនតែ៣៣ម៉ឺននាក់ និងមានចំណាត់ថ្នាក់បាល់ទាត់ទី៣៤ពិភពលោក។
លោក Hodgsonបាននិយាយថា “ខ្ញុំសុំទោសដែលបញ្ចប់ដោយលទ្ធផលបែបនេះ។ខ្ញុំសង្ឃឹមថា អង់គ្លេសនឹងអាចទៅកាន់ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីធំៗទៀត។ តែពេល នេះដល់ពេលអ្នកថ្មីមកជំនួសតំណែងដឹកនាំក្រុមដែលពោរពេញទៅដោយកីឡាករស្រេកឃ្លានជ័យជម្នះនិងមានទេពកោសល្យ នេះហើយ”។
ចំណែកសហព័ន្ធបាល់ទាត់របស់អង់គ្លេសបានចេញសេចក្តីថ្លែងការណ៏មួយថា “យើងមានការ សោកស្តាយដូចជាជនរួមជាតិយើងដែរដោយអង់គ្លេសបានធ្លាក់ ចេញពីកម្មវិធីលឿនពេក។យើងបានរំពឹងទុកថា ក្រុមអង់គ្លេសមិនអាចធ្លាក់នៅវគ្គនេះទេគឺសង្ឃឹមថានៅលេងវគ្គបន្តទៀតតែ អ្វីៗបានខុសពីការរំពឹងទុករបស់យើង។ យើងគាំទ្រចំពោះការសម្រេចចិត្តលាលែងចេញពីតំណែងរបស់លោក Roy Hodgson ហើយយើងនឹងពិភាក្សារកអ្នកថ្មីមកជំនួស”៕
ដោយ៖ ដេវីត