ប្រធានាធិបតីរុស្ស៊ីនិងអ៊ុយក្រែន មិនទាន់ត្រៀមខ្លួនក្នុងការចរចាសន្តិភាពនោះឡើយ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣ ប្រធានាធិបតីប្រេស៉ីល កាលពីថ្ងៃពុធសប្តាហ៍នេះបាននិយាយថា ប្រទេសរបស់លោក កំពុងបន្តខំប្រឹងប្រែងធ្វើការដើម្បីជួយស្វែងរកសន្តិភាពសម្រាប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែមេដឹកនាំអ៊ុយក្រែននិងមេដឹកនាំរុស្ស៉ីសុទ្ធតែពុំទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ ដើម្បីអង្គុយចរចាគ្នាអំពីសន្តិភាព។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានបរទេសនៅក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានាធិបតីប្រេស៉ីល លោក លូអ៉ីស អ៉ីណាស៉ីអូ លូឡា ដាស៉ីលវ៉ា (Luiz Inacio Lula da Silva) បានប្រាប់ថា ទាំងលោកពូទីន និងលោកហ្សេលេនស្គី សុទ្ធតែពុំទាន់ត្រៀមខ្លួនដូចគ្នា ខណៈដែលសំណើសន្តិភាពដែលរូបលោកកំពុងព្យាយាមស្វែងរកជាមួយប្រទេសដទៃទៀតនឹងរួចរាល់នៅពេលដែលរុស្ស៉ីនិងអ៊ុយក្រែន មានឆន្ទៈចរចាគ្នាដោយប្រាកដប្រជា។
មេដឹកនាំប្រេស៉ីលរូបនេះបានព្យាយាមបង្កើតក្រុមប្រទេសអព្យាក្រឹតមួយដើម្បីជំរុញឱ្យកិច្ចពិភាក្សាសន្តិភាពអាចដំណើរការ។ កន្លងមក លោក លូឡា ក៏បានទទួលរងការរិះគន់ផងដែរ ដោយសារតែការលើកឡើងថា អ៊ុយក្រែននិងរុស្ស៉ីមានបន្ទុកទទួលខុសត្រូវស្មើគ្នាសម្រាប់ការបង្កឱ្យសង្រ្គាមផ្ទុះឡើង។ ក្នុងសន្និសីទសារព័ត៌មានខាងលើ លោក លូឡា ក៏បានបន្ទោសលើសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថែមទៀតផង ដោយសារមិនជួយទប់ស្កាត់សង្រ្គាម។
លោកប្រធានាធិបតីប្រេស៉ីល បាននិយាយយ៉ាងដូច្នេះថា «ក្រុមប្រឹក្សាសន្តិសុខ UN ហាក់មិនមានប្រសិទ្ធភាពអ្វីឡើយ។ សហរដ្ឋអាមេរិកបានឈ្លានពានអ៉ីរ៉ាក់, បារាំងនិងអង់គ្លេសបានឈ្លានពានលីប៊ី ហើយឥឡូវដល់ពេលរុស្ស៉ី ខណៈដែលប្រទេសទាំងអស់នេះសុទ្ធតែមានអំណាចវេតូ»៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print