ខេត្តបន្ទាយមានជ័យៈ បុរសម្នាក់បានស្លាប់និង០២នាក់ផ្សេងទៀតរងរបួសធ្ងន់-ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយរថយន្តនៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ លើកំណាត់ផ្លូវជាតិលេខ៥ នៅចន្លោះ បង្គោលគីឡូម៉ែត្រលេខ៣៧៩-៣៨០ ចំណុចខាងកើតវត្តចាន់ស៊ីចម្ងាយប្រហែល៥០០ម៉ែត្រ ស្ថិតនៅភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ។
លោក អ៊ឹម សុភារៈ អធិការ នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖មុនដំបូងមានរថយន្តមួយគ្រឿង ម៉ាកកាមរី ផលិតឆ្នាំ1995 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ សៀមរាប 2A 3409 បើកបរដោយ ឈ្មោះ ណាក់ ភេទប្រុស អាយុ៤០ ឆ្នាំរស់នៅភូមិប្រជាធម្ម សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកបរក្នុងទិសដៅពីទិសខាងកើតទៅទិសលិច លុះមកដល់ចំណុចកើតហេតុ ក៏បានរ៉េចង្កូតទៅបុក រថយន្តមួយគ្រឿងទៀតម៉ាកហាយឡិនឌ័រពណ៏ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AB1836 បើកបរដោយឈ្មោះ ចៅ វុទ្ធី ភេទប្រុស អាយុ៤៣ ឆ្នាំរស់នៅ ភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ធ្វើដំណើរពីទិសខាងលិចទៅខាងកើត ។
លោកអធិការបានបញ្ជាក់ថា៖ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យអ្នកបើកបររថយន្តការម៉ារីស្លាប់នៅនឹងកន្លែង ចំណែកអ្នករថយន្តហាយឡិនឌ័ររបួសស្រាលនិងអ្នករួមដំណើរ០១នាក់របួសធ្ងន់បាក់ដៃឆ្វេង ។ចំពោះមូលហេតុបង្កឲ្យគ្រោះថ្នាក់នេះ សង្ស័យអ្នកបើករថយន្តម៉ាកកាម៉ារីងងុយដេក បណ្តាលឲ្យរថយន្តរេចង្កូតបុករថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យរងរបួស ។សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី អ្នករងរបួសបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ ចំណែករថយន្ត០២គ្រឿង ខូចខាតធ្ងន់(ផ្នែកខាងមុខទាំងពីរគ្រឿង) និងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ៕ ដោយ៖វណ្ណា