អ្នកលក់ទូរស័ព្ទដៃតាមអនឡាញម្នាក់​ត្រូវកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ កងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងខេត្ត​ដើម្បីចាត់ការតាមច្បាប់ នៅថ្ងៃទី០៣​ ខែសីហា​ ឆ្នាំ២០២៣នេះ ករណីឆបោក (តាមប្រព័ន្ធហ្វេសប៊ុក) ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ដោយមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ លោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត​សហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំ​ង​ ឃាត់ខ្លួនជនសង្ស័យ​ ហើយនាំមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ អនុវត្តតាមដីការបស់តុលាការខេត្ត ករណីឆបោក (តាមប្រព័ន្ធហ្វេសប៊ុក) ប្រព្រឹត្តកាលពីថ្ងៃទី០៨​ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ។​ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ស៊ិន រ៉ាស៊ី ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ  ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា​៖ ជនសង្ស័យ​ឈ្មោះ សូ សុផាត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។​ វត្ថុតាងចាប់យករួមមាន​ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ សូ សុផាត លេខ040075791(01) ចំនួន ០១សន្លឹក។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង​ បានបញ្ជាក់ឱ្យដឹងថា​៖ ជនសង្ស័យបានបង្កើតគណនីហ្វេសប៊ុកឈ្មោះ Eh Ma បង្ហោះលក់ទូរស័ព្ទ ម៉ាក Iphone 14pro max លើបណ្ដាញហ្វេសប៊ុក ពេលនោះជនរងគ្រោះមានការចាប់អារម្មណ៍ក៏បានឆាតទំនាក់ទំនងទិញទូរស័ព្ទក្នុងតម្លៃ ៧៨០ដុល្លារ ដោយជនរងគ្រោះបានវេរប្រាក់តាមរយៈភ្នាក់ងារ វីង​ ឱ្យទៅម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Eh Ma តាមរយៈលេខទូរសព្ទ ០៦៧ ៧២៧ ០៣៥ និងបានថតវិក្កយប័ត្រក្រដាសវីង​ផ្ញើឱ្យម្ចាស់គណនីហ្វេសប៊ុកខាងលើ ។ ក្រោយមកម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Eh Ma នេះបានប្រាប់ថា រូបគេឈប់លក់ទូរស័ព្ទក្នុងតម្លៃ៧៨០ដុល្លារហើយ​ គឺលក់ក្នុងតម្លៃ៨៨០$ដុល្លារ ហើយឱ្យជនរងគ្រោះវេលុយឱ្យរូបគេបន្ថែមចំនួន១០០$​ទៀត​ ដោយជនរងគ្រោះមានការសង្ស័យក៏ប្រកែកតវ៉ាមិនព្រម និង​ឱ្យជនសង្ស័យផ្ញើលុយចំនួន៧៨០$​ត្រឡប់មកឱ្យខ្លួនវិញ។ កន្លងហួសច្រើនថ្ងៃនៅតែមិនឃើញម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Eh Ma វេរលុយមកឱ្យខ្លួនវិញ​ ទើបសម្រេចចិត្តដាក់ពាក្យបណ្តឹងតែម្តង។ ​ក្រោយពីទទួលបានពាក្យបណ្តឹង​ សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ បានចេញលិខិតកោះហៅជនសង្ស័យដើម្បីចូលខ្លួនបំភ្លឺ​ តែជនសង្ស័យមិនព្រមចូលខ្លួនតាមការកោះហៅ​ ទើបអយ្យការ​ អមសាលាដំបូងខេត្ត​ចេញដីកាបញ្ជាឱ្យចាប់ខ្លួន​ ៕ ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print