ខេត្តរតនគិរី÷ យោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជននិងកីឡាខេត្តរតនគីរីលេខ 389 អយកខ.របា ស្ដីពីសិស្សានុសិស្សនៅសាលាបឋមសិក្សាចំនួន ៥កន្លែង មិនបានមកចូលរៀននៅស្រុកកូនមុំ ខេត្តរតនគីរី ខណៈជំនន់ទឹកភ្លៀងហូរចូលលិចផ្លូវ។
តបតាមកម្មវត្ថុខាងលើនេះ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តរតនគិរីមានកិត្តិយសសូមជម្រាបជូនលោកបណ្ឌិតសភាចារ្យមេត្តាជ្រាបថា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ភ្លៀងមួយមេធំកំពុងបន្តធ្លាក់ភ្លៀងធ្វើឲ្យសិក្សានុសិស្ស មិនបានមកចូលរៀនដោយសារជំនន់ទឹកភ្លៀង លិចផ្លូវទៅសាលាបឋមសិក្សាចំនួន ៥កន្លែង ក្នុងស្រុកកូនមុំ មានសិស្សសរុបចំនួន ៨០៩នាក់ ស្រី ៣៦៨នាក់។
១-សាលាបឋមសិក្សាស្រែពកធំ សិស្សមានចំនួន ១៨៩នាក់ ស្រី ៩១នាក់
២-សាលាបឋមសិក្សាស្រែពកតូច សិស្សមានចំនួន ១៣១នាក់ ស្រី ៥៦នាក់
៣-សាលាបឋមសិក្សានាងដី សិស្សមានចំនួន ៣៥នាក់ ស្រី ១៧នាក់
៤-សាលាបឋមសិក្សាច្រប់ព្រីង សិស្សមានចំនួន ៣១នាក់ ស្រី ១១នាក់
៥-សាលាបឋមសិក្សាស្រែអង្ក្រង សិស្សមានចំនួន ៤២៣នាក់ ស្រី ១៩៣នាក់។
លោក កន ពុទ្ធារិន ប្រធានការិយាល័យអប់រំស្រុកកូនមុំមិនអាចសុំការបំភ្លឺបានទេ ជុំវិញករណីទឹកហូរចូលសាលាបឋមសិក្សាចំនួន ៥កន្លែង ដោយទូរសព្ទទៅជាច្រើនដង មិនអាចទាក់ទងបាននៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នេះ។
ដោយឡែក លោក សេក ហៃ អភិបាលស្រុកកូនមុំ ក៏មិនអាចសុំការបំភ្លឺបានដែរដោយទូរសព្ទមិនអាចទាក់ទងបាននៅថ្ងៃដដែលនេះ។
សូមបញ្ជាក់ថា ចាប់ពីចុងខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើឲ្យទឹកទន្លេស្រែពកបានហក់ឡើងយ៉ាងខ្លាំង ជន់លិចលំនៅដ្ឋាន ស្រែ ចម្ការរបស់បងប្អូនប្រជាពលរដ្ឋ និងសាលារៀន ដែលនៅតាមដងទន្លេ ឬទឹកហូរចូលតាមដៃព្រែក។
កម្ពស់ទឹកត្រូវប្រកាសអាសន្ន ១២.៥០ម៉ែត្រ ដែលអាជ្ញាធរមូលដ្ឋាននិងត្រូវបានប្រកាសអាសន្នឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងជម្រៀសសត្វពាហនៈចេញពីលំនៅដ្ឋានមកកន្លែងទីទួលសុវត្ថិភាព៕ ដោយ៖សុរិយា