ខេត្តសៀមរាប៖ រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនឡាវីតា បើកបរគ្មានការប្រុងប្រយ័ត្នក៏ទៅបុករថយន្តមួយគ្រឿងម៉ាកToyota RAIZE ក្នុងទិសដៅបញ្ច្រាសគ្នារុញប៉ើងធ្លាក់ផ្លូវ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នករួមដំណេីរ ៣នាក់ទៀត ក្នុងនោះមានប្រុស១នាក់ ស្ត្រីពោះធំ១នាក់ និងក្មេងស្រី អាយុ២ឆ្នាំ មួយនាក់ បានរងរបួសធ្ងន់។
លោកវរសេនីយ៍ទោ សោម វីរៈ នាយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទី រសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៦ ចំណុចភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ សោម វីរៈ បានឱ្យដឹងទៀតថា៖ រថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊ុនឡាវីតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8364 ដឹកអ្នកដំណើរ សរុបចំនួន ១៣នាក់ មានជនជាតិបរទេស ២នាក់ (ភ្នំពេញ-សៀមរាប) បើកតាម បណ្តោយផ្លូវជាតិលេខ៦ ពីទិសខាងកើតទៅខាងលិច លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្ត ម៉ាក Toyota RAIZE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-3010 ជិះគ្នាបួននាក់ ជាលក្ខណៈគ្រួសារ បើកបរដោយបុរសឈ្មោះ អេង ឆេងលាង ត្រូវជាបងប្រុសរបស់ លោក អេង ឆៃអ៊ាង កូនស្រីពោះធំ កូនប្រសាប្រុស និងចៅស្រី អាយុ២ឆ្នាំ បណ្តាលឱ្យរុញប៉ើងធ្លាក់ផ្លូវទាំងពីរគ្រឿង។
លោកប្រធានការិយាល័យរូបនេះ បានបញ្ជាក់ថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យមនុស្ស ៤នាក់ ជាភាគីរថយន្ត Toyota RAIZE ក្នុងនោះមាន លោក អេង ឆេងលាង បានបាត់បង់ជីវិត ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកកូនស្រីពោះធំ កូនប្រសាប្រុស និងចៅស្រី អាយុ២ឆ្នាំ សរុប៣នាក់ រងរបួសធ្ងន់ ហើយត្រូវបានដឹកបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ រីឯភាគីរថយន្តរបស់ក្រុមហ៊ុនឡាវីតា មនុស្សទាំង ១៣ នាក់ ពុំមានរងរបួសឡើយ។ ក្រោយកើតហេតុ នាំគ្នាចាកចេញបន្តដំណើរទៅអស់។
ក្រោយកេីតហេតុជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះរថយន្តទាំងពីរគ្រឿង ត្រូវបានមន្ត្រីការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើកាតវាស់វែងស្ទូចយកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕ដោយ៖សហការី