រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនឡាវីតា​ បើកបុករថយន្តមួយគ្រឿងទៀត​ បណ្ដាលឱ្យ​បុរសម្នាក់ស្លាប់​ និង៣នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ខេត្តសៀមរាប៖ រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនឡាវីតា បើកបរ​គ្មានការប្រុងប្រយ័ត្នក៏ទៅបុករថយន្តមួយគ្រឿង​ម៉ាកToyota RAIZE ក្នុងទិសដៅបញ្ច្រាសគ្នារុញប៉ើងធ្លាក់ផ្លូវ បណ្ដាលឱ្យ​បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នករួមដំណេីរ​ ៣នាក់ទៀត ក្នុងនោះមានប្រុស១នាក់ ស្ត្រីពោះធំ១នាក់ និងក្មេងស្រី អាយុ២ឆ្នាំ មួយនាក់ បានរងរបួសធ្ងន់។

លោកវរសេនីយ៍ទោ សោម វីរៈ នាយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី០៤​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទី រសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៦ ចំណុចភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ សោម វីរៈ បានឱ្យដឹងទៀតថា៖​ រថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊ុនឡាវីតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8364 ដឹកអ្នកដំណើរ សរុបចំនួន ១៣នាក់ មានជនជាតិបរទេស ២នាក់ (ភ្នំពេញ-សៀមរាប) បើកតាម បណ្តោយផ្លូវជាតិលេខ៦ ពីទិសខាងកើតទៅខាងលិច លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្ត ម៉ាក Toyota RAIZE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-3010 ជិះគ្នាបួននាក់ ជាលក្ខណៈគ្រួសារ បើកបរដោយបុរសឈ្មោះ អេង ឆេងលាង ត្រូវជាបងប្រុសរបស់ លោក អេង ឆៃអ៊ាង កូនស្រីពោះធំ កូនប្រសាប្រុស និងចៅស្រី អាយុ២ឆ្នាំ បណ្តាលឱ្យរុញប៉ើងធ្លាក់ផ្លូវទាំងពីរគ្រឿង។

លោកប្រធានការិយាល័យរូបនេះ បានបញ្ជាក់ថា៖​ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យមនុស្ស ៤នាក់ ជាភាគីរថយន្ត Toyota RAIZE ក្នុងនោះមាន លោក អេង ឆេងលាង បានបាត់បង់ជីវិត ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកកូនស្រីពោះធំ កូនប្រសាប្រុស និងចៅស្រី អាយុ២ឆ្នាំ សរុប៣នាក់ រងរបួសធ្ងន់ ហើយត្រូវបានដឹកបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ រីឯភាគីរថយន្តរបស់ក្រុមហ៊ុនឡាវីតា មនុស្សទាំង ១៣ នាក់ ពុំមានរងរបួសឡើយ។ ក្រោយកើតហេតុ នាំគ្នាចាកចេញបន្តដំណើរទៅអស់។

...

ក្រោយ​កេីត​ហេតុ​ជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះរថយន្តទាំងពីរគ្រឿង ត្រូវបានមន្ត្រីការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើកាតវាស់វែងស្ទូចយកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print