ខេត្តកោះកុង៖ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្ដរជាតិទាំងអស់ សូមផ្អាកដំណើរកម្សាន្តទៅលេងនៅតំបន់ទេសចរណ៍ធម្មជាតិ ដែលងាយរងគ្រោះថ្នាក់អំឡុងពេលអាកាសធាតុប្រែប្រួល។ការអំពាវនាវបែបនេះលោកស្រី មិថុនា ភូថង បានធ្វើឡើងក្នុងអំឡុងអញ្ជើញចែកអំណោយដល់ពលរដ្ឋ២២៤គ្រួសារ នៅស្រុកស្រែអំបិល រងគ្រោះដោយសារជំនន់ទឹកភ្លៀង កាលពីថ្ងៃទី៣ ខែសីហាម្សិលមិញនេះ។
បន្ថែមពីនេះ លោកស្រីអភិបាលខេត្ត ក៏សម្តែងក្តីសោកស្តាយចំពោះការស្លាប់មនុស្សនៅខេត្តកំពត អំពីការទៅបោះតង់សម្រាកកម្សាន្ត នៅតាមស្ទឹងព្រែកកាលពីប៉ុន្មានថ្ងៃមុននេះផងដែរ។
ជាមួយគ្នានោះ ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង លោក សុខ ច័ន្ទគ្រឹះស្នា ក៏បានបន្តជូនដំណឹងទៅកាន់ម្ចាស់តំបន់អេកូទេសចរណ៍ និងរមណីយដ្ឋាននានា អំពីការផ្អាកទទួលភ្ញៀវទេសចរណ៍ដែលមានបំណងចង់ទៅបោះតង់ ឬដើរលេងកម្សាន្តតាមព្រៃភ្នំផងដែរ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ដំណើរកម្សាន្តអំឡុងពេលរដូវវស្សាបែបនេះ វាមិនសូវជាល្អប៉ុន្មានទេចំពោះសុវត្ថិភាព ហើយងាយនឹងប្រឈមថ្នាក់ធម្មជាតិខ្លាំងណាស់។
សូមជម្រាបថា ខេត្តកោះកុង មិនត្រឹមតែមានតំបន់ឆ្នេរសមុទ្រនោះទេ ក៏មានតំបន់អេកូទេសចរធម្មជាតិជាច្រើនបែបផ្សងព្រេង រួមមាន៖ ទឹកជ្រោះហូរ ទេសភាពបែតងនៃព្រៃភ្នំក្រំថ្ម និងដែនកោះផងដែរ៕ដោយ៖សហការី