ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប បានឱ្យដឹងថា៖ មន្ត្រីនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តតាកែវ និងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ បានបន្តចុះត្រួតពិនិត្យទីផ្សារស្របតាមតួនាទីភារកិច្ចរបស់ខ្លួន ដោយបានយកចិត្តទុកដាក់ពិនិត្យលើទំនិញវេចខ្ចប់ស្រេច ទំនិញរំលោភបំពានសិទ្ធិផ្តាច់មុខ និងទំនិញមិនមានអនុលោមភាពតាមច្បាប់ផ្សេងទៀតដែលចរាចរនៅលើទីផ្សារ។
តាមការបញ្ជាក់របស់មន្ត្រីជំនាញ បានរកឃើញទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ១៧.៩០គីឡូក្រាម ព្រមទាំងភេសជ្ជៈរំលោភសិទ្ធផ្តាច់មុខស្របតាមបណ្តឹងរបស់ក្រុមហ៊ុនដើម សរុបចំនួន ៣៣៣លីត្រ។ មន្ត្រីជំនាញបានដកហូតទំនិញទាំងនោះ និងបានតម្រូវឱ្យម្ចាស់ទំនិញធ្វើកិច្ចសន្យាកែតម្រូវឈប់លក់ទំនិញមិនមានអនុលោមភាពបន្តទៅទៀត។
ជាមួយគ្នានេះដែរ សាខា ក.ប.ប. រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកអគ្គនាយករង និងជាប្រធានក្រុមការងារចំពោះកិច្ចអនឡាញ និងកម្មសិទ្ធិបញ្ញា បានចុះត្រួតពិនិត្យម៉ាតចំនួន ៣ទីតាំងក្នុងខណ្ឌចំការមន និងខណ្ឌទួលគោក ដើម្បីបង្រ្កាបការចរាចរនូវទំនិញម្សៅទឹកដោះគោ ដែលបំពានសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនដើម ដែលក្នុងនោះបានរកឃើញ១ទីតាំង បានលក់ផលិតផលម្សៅទឹកដោះគោបំពានសិទ្ធិផ្តាច់មុខ និងត្រូវបានតម្រូវឱ្យមកធ្វើការបំភ្លឺនៅស្នាក់ការសាខា ក.ប.ប. រាជធានីភ្នំពេញផងដែរ។
ជាមួយគ្នានោះ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះដែរ ស្ថានីយ ដេប៉ូប្រេងឥន្ធនៈចំនួន១០ ស្ថិតនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ស្រុកស្វាយទាប ខេត្តស្វាយរៀង និងខេត្តកំពង់ធំ ត្រូវបានមន្ត្រីស៊ើបអង្កេត ក.ប.ប. ប្រចាំនៅខេត្តទាំង៣ ធ្វើការត្រួតពិនិត្យអនុលោមភាព ក្នុងគោលបំណងកាត់បន្ថយអំពើមិនសុចរិតដែលតែងតែកើតមានឡើងជារឿយៗក្នុងអាជីវកម្មប្រេងឥន្ធនៈនេះ។ តាមលទ្ធផល មន្ត្រីយើងបានបញ្ជាក់ថា មានតែដេប៉ូប្រេងឥន្ធនៈចំនួន៣ប៉ុណ្ណោះ ដែលត្រូវបានពិនិត្យឃើញថាមិនមានភាពអនុលោមផ្នែកបរិមាណ និងបានអនុវត្តការពិន័យអន្តរការណ៍លើអំពើកេងបន្លំរបស់ម្ចាស់ទីតាំងនោះផងដែរ៕ដោយ៖សហការី