សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ក៏បានសុំទោសម្ចាស់គណនី Facebook ឈ្មោះ Vy Lo Ve រួចអោយបើករថយន្ត និងអនុញ្ញាតអោយគាត់ធ្វើដំណើរបន្តទៅទៀត

ចែករំលែក៖

ភ្នំពេញ : កាលពីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ម្ចាស់គណនី Facebook ឈ្មោះ Vy Lo Ve បានបង្ហោះនៅលើ facebook របស់ខ្លួនចំនួនពីរដង ជុំវិញដែលមានសមត្ថកិច្ចប្រើប្រាស់រថយន្តចំនួន 3 គ្រឿង បានធ្វើការឡោមព័ទ្ធរថយន្តរបស់គាត់ ដែលនៅជាមួយនឹងកូនស្រី ធ្វើឲ្យពួកគាត់ភ័យ និងបង្ហោះជាវីដេអូ ជារូបភាព ផ្ដល់ជាដំណឹងជូនដល់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ។

ក្រោយមកនៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ក៏បានសុំទោសម្ចាស់គណនី Facebook ឈ្មោះ Vy Lo Ve ។ នេះបើយោងតាមការបង្ហោះលើ facebook របស់អង្គភាពខាងលើ គោរពរាយការណ៍ជូន នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ។ ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត ” សូមបង្ហាញជូនទាំងស្រុងដូចខាងក្រោម:

សូមគោរពជូន
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ
តាមរយៈ : ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន
កម្មវត្ថុ : របាយការណ៍បំភ្លឺ និងឆ្លើយតបនឹងគណនី Facebook ឈ្មោះ Vy Lo Ve ។
តបតាមន័យដូចមានចែងក្នុងកម្មវត្ថុខាងលើ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមគោរពរាយការណ៍ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត មេត្តាជ្រាបថា៖ កាលពីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ មានគណនី Facebook ឈ្មោះ Vy Lo Ve បង្ហោះខ្លឹមសារថា ៖ នាងខ្ញុំសូមស្នើរដល់ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ជួយរកយុត្តិធម៌ឲ្យកូនស្រីនឹងរូបនាងខ្ញុំផង នៅវេលាម៉ោងប្រហែល 10:30នាទីយប់ នៅមុខអាគារព្រីនជិតអគ្គស្នងការដែលមានកម្លាំងប្រដាប់អាវុធមួយក្រុមប្រហែលជាពីរទៅបីឡានបានកាក់ឡាននាងខ្ញុំនៅមុខអាគារព្រីន ហើយបានយកកាំភ្លើងខ្លីមកភ្ជុងក្បាលកូនស្រីខ្ញុំនិងនាងខ្ញុំដោយមិនដឹងមូលហេតុ ហើយបានស្រែកបង្ខំអោយខ្ញុំឡើងឡានចូលទៅអគ្គស្នងការ ដល់ពេលនាងខ្ញុំសួររកហេតុផលថានាងខ្ញុំខុសអ្វី បែរជាមិនប្រាប់នាងខ្ញុំហើយនាំគ្នាឡើងឡានទៅបាត់ នេះជាទង្វើដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនាងខ្ញុំក៏ដូចជាក្រុមគ្រួសារនាងខ្ញុំជាខ្លាំង។ សូម ឯកឧត្តម អគ្គស្នងការជួយរកយុត្តិធម៌ឱ្យកូនខ្ញុំនឹងនាងខ្ញុំផង ដោយក្តីគោរព ។
មន្ទីរប្រឆាំងគ្រឿងញៀន សូមគោរពរាយការណ៍ជូន ឯកឧត្តមមេត្តាជ្រាបថា ពាក់ព័ន្ធករណីនេះ កម្លាំងជំនាញ នៃមន្ទីរប្រឆាំង គ្រឿងញៀន បានបន្តការស៊ើបអង្កេតរកមុខសញ្ញាពាក់ព័ន្ធក្នុងករណីដឹកជញ្ជូនគ្រឿង ញៀនឆ្លងដែន ដែលបង្ក្រាបបានកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ឃាត់ខ្លួនជនសង្ស័យ ៦នាក់ និងរឹបអូស វត្ថុតាងគ្រឿងញៀនជាង ៧៨៩គីឡូក្រាម ។ លុះនៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញ យើងបានប្រទះរថយន្ត ១គ្រឿង ដែលមុខសញ្ញាគ្រឿងញៀនធ្លាប់ជិះ កម្លាំងជំនាញ យើងក៌បានឃាត់ រថយន្តនោះ ពេលពិនិត្យឃើញថាមិនមែនជាមុខសញ្ញា។ ម្ចាស់រថយន្តប្រាប់ថា រថយន្តនេះគាត់ធ្លាប់បានជួលអោយជនជាតិចិន ។
បន្ទាប់មកកម្លាំងយើងក៏បានសុំទោសម្ចាស់រថយន្ត និងអនុញ្ញាតអោយគាត់ធ្វើដំណើរបន្តទៅទៀត ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត មេត្តាជ្រាប និងសុំអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print